ភ្នំពេញ ៖ បើយោងតាមព្រះរាជក្រឹត្យដែល អង្គភាព មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” ទទួលបាននៅរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ គឺសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រមុខរដ្ឋស្ដីទី បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង លោកឧត្តមសេនីយ៍ឯក ឯម វិចិត្រ ជាអគ្គាធិការ នៃអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ជំនួសលោក អ៉ីវ លាង ដែលត្រូវបានតែងតាំងជា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃវិញ។
ប្រមុខរដ្ឋស្ដីទី បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់:
មាត្រា១ : តែងតាំងមុខតំណែងមន្ត្រីរាជការ និងនាយនគរបាលថ្នាក់ឧត្តមសេនីយ៍ នៃក្រសួងមហាផ្ទៃ ចំនួន ០២រូប ៖
១- អុីវ លាង ពីអគ្គាធិការ នៃអគ្គាធិការដ្ឋាន មកជាអនុរដ្ឋលេខាធិការ នៃក្រសួងមហាផ្ទៃ
២-លោកឧត្តមសេនីយ៍ឯក ឯម វិចិត្រ អត្តលេខ ០៤៤៤៥ អគ្គាធិការរង មកជាអគ្គាធិការ អគ្គាធិការដ្ឋាន នៃក្រសួងមហាផ្ទៃ។
មាត្រា២ : សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ៕
ដោយ : សិលា