ខេត្តកំពង់ធំ៖ ប្រជាពលរដ្ឋរស់នៅអមដងស្ទឹងសែន នៅភូមិពពឹង និង ភូមិកោះគ្របបាយ ស្ថិតឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ជាច្រើនគ្រួសារ មានការព្រួយបារម្ភការបាក់ស្រុតលំនៅឋានរបស់ពួកគាត់ ខណៈអាជីវកម្មបូមខ្សាច់មួយកន្លែងនៅតែបន្តសកម្មភាព បូមជារៀងរាល់ថ្ងៃ។
ពួកគាត់បានធ្វើការត្អូញត្អែរតែថា រាល់ថ្ងៃនេះគាត់ដេកមិនលក់បក់មិនល្ហើយដោយសារតែ អាជីវកម្មបូមខ្សាច់ខាងលើ ធ្វើសកម្មភាពឥតឈរទាំងយប់ទាំងថ្ងៃ វាបង្កឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ បាក់ដីមាត់ស្ទឹង ថ្លង់សំឡេងបូម ជាពិសេសនោះបង្កឲ្យប៉ះពាល់ខូចផ្លូវថ្នល់ជាដើម ។ ហេតុដូចនេះហើយពួកគាត់ សូមសំណូមពរ អាជ្ញាធរ មន្ត្រីជំនាញដែលពាក់ព័ន្ធ សូមមេត្តាដោះស្រាយជូនពួកគាត់ជាបន្ទាន់ ព្រោះកន្លងមកដោះស្រាយហាក់បីដូចជាមិនមានតម្លាភាព ឃើញថាមន្ត្រីជំនាញលំអៀងទៅខាងអាជីវកម្មបូបខ្សាច់ ដោយមិនបារម្ភពីសុខសុវត្ថិភាព របស់បងប្អូនជាប្រជាពលរដ្ឋនោះឡើយ ឬមួយក៏រង់ចាំមានហេតុការណ៍ស្រុតរលំផ្ទះប្រជាពលរដ្ឋ ដោយយថាហេតុណាមួយហើយទើបចូលរួមទប់ស្កាត់ ដូចពាក្យចាស់លោកពោលថា <<គោបាត់ទើបធ្វើរបង>> ។
លោក ឈរ ឡាយ ជំទប់ទី២ តំណាងអោយប្រជាពលរដ្ឋ នៅភូមិពពឹងនេះ ឲ្យដឹងដែរ ថាកន្លងមកប្រជាពលរដ្ឋ តែងតែមានការភ័យខ្លាច ខ្លះទៀតមកយំនៅមុខផ្ទះគាត់ក៏មាន ដោយសារតែមានការបូមខ្សាច់ រយៈពេល៥ឆ្នាំហើយចម្ងាយប្រមាណ៥០០ម៉ែត្រគឺនៅបូមនៅទីតាំងដដែលៗ ហើយយកឡានខ្នាតយក្ស យីឌុក ដឹកក្នុង១ថ្ងៃ រាប់រយគីប។ ទី១បណ្ដាលឲ្យស្រុតផ្លូវ មកទល់ពេលនេះមិនទាន់មានអាជ្ញាធរពាក់ព័ន្ធណាជួយដោះស្រាយនោះទេ និងមានកន្លែងខ្លះគឺមាត់ច្រាំងត្រូវបាក់ស្រុតបណ្ដើរៗហើយ ទាំងនេះគឺជាហានិភ័យចំពោះពួកគាត់ខ្លាំងណាស់។
ទាំងនេះគឺជាការលើកឡើងរបស់ប្រជាពលរដ្ឋ តែប៉ុណ្ណោះ ដោយឡែកលោក ណឹម ចាន់ថា ប្រធានមន្ទីររ៉ែនិងថាមពលខេត្តកំពង់ធំបានឲ្យដឹងដែរថា ពាក់ព័ន្ធករណីខាងលើនេះ កម្លាំងជំនាញនិង អាជ្ញាធរមូលដ្ឋាន រួមទាំងម្ចាស់អាជីវកម្ម បានធ្វើការសម្របសម្រួលចប់សប់គ្រប់អស់ហើយ ដោយម្ចាស់អាជីវកម្ម បូមខ្សាច់ធ្វើកិច្ចសន្យា ប្ដូរទីតាំងកន្លែងបូមខ្សាច់នេះ ដោយកន្លងមកទទួលស្គាល់ថាមានការយល់ច្រឡំព្រំប្រទល់។
លោកណឹម ចាន់ថា បន្តឲ្យដឹងទៀតថា ចំពោះការលើកឡើងរបស់ប្រជាពលរដ្ឋ ថាមានការបាក់ដីនៅ ចំណុចភូមិអូរសំបួរ គឺពុំមានការពាក់ព័ន្ធនឹងការបូមខ្សាច់នេះទេ ដោយសារតែទីតាំងនោះគឺនៅឆ្ងាយពីកន្លែងអាជីវកម្មបូមខ្សាច់សាច់ ។
ក្នុងនោះដែរលោក សេង សំបូរ រស់នៅភូមិព្រៃព្រាល ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ជាតំណាងអាជ្ញាប័ណ្ណ ផាន់ សុផាច បូមខ្សាច់ខាងលើ ក៏បានឱ្យដឹងដែរថា ការធ្វើអាជីវកម្មបូមខ្សាច់នេះ គឺ គាត់មានអាជ្ញាប័ណ្ណទាំងអស់ អាជីវកម្មបូមខ្សាច់នេះគឺដំណើរការរយៈពេល ៣ឆ្នាំហើយ ។ ហើយរយៈពេលនេះ តែងតែប្រគល់កញ្ចប់ថវិកាទៅអាជ្ញាធរភូមិឃុំដើម្បីជួសជុលផ្លូវនេះនិងកសាងឲ្យជាញឹកញាប់ផងដែរ។
ក្នុងនោះដែរ លោក សេង សំបូរបញ្ជាក់ឲ្យដឹងថា ចំពោះប្រជាពលរដ្ឋដែលនៅទីនេះ បើមានផលប៉ះពាល់អ្វី សូមប្រាប់លោក ធ្វើការកែប្រែដើម្បីបញ្ចៀសនូវផលប៉ះពាល់ដល់ប្រជាពលរដ្ឋក៏ដូចជាសណ្ដាប់ធ្នាប់សាធារណៈ គឺរូបលោកមិនគេចវេសនោះទេ៕
ដោយ៖ មន្នី