ក្រសួង​ទេសចរណ៍​៖​ សណ្ឋាគារ និងផ្ទះសំណាក់ជាង៥០០ទីតាំង បើកទទួលភ្ញៀវឡើងវិញ ក្រោយប៉ះពាល់វិបត្តិកូវីដ-១៩ ខណៈជិត២០០ទីតាំង នៅស្ទាក់ស្ទើរ និង២៩ទីតាំង បិទទាំងស្រុង

ចែករំលែក៖

ភ្នំពេញ៖ បេី​យោង​តាមប្រភពព័ត៍មានពី​ក្រសួង​ទេសចរណ៍​ បានឱ្យដឹងនៅព្រឹកថ្ងៃសៅរ៍ទី​២៧​ ខែសីហា​ ឆ្នាំ​២០២២នេះថា​៖​ សណ្ឋាគារ និងផ្ទះសំណាក់ជាង៥០០ទីតាំងនៅកម្ពុជា បានបើកដំណើរជាធម្មតាវិញហើយ គិតត្រឹមដំណាច់ខែកក្កដា ឆ្នាំ២០២២ ខណៈជិត២០០ទីតាំងទៀត នៅបន្តផ្អាកអាជីវកម្ម និង២៩ទីតាំងបានបិទអាជីវកម្មតែម្តង ដោយសារការរងផលប៉ះពាល់ធ្ងន់ពីវិបត្តិកូវីដ១៩ ក្នុងរយៈពេលជាង២ឆ្នាំមកនេះ។

ជាក់ស្ដែង​យោង​តាម​ទិន្នន័យពីក្រសួងទេសចរណ៍​ បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ គិតត្រឹមថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២នេះ សណ្ឋាគារ និងសេវាកម្មស្នាក់នៅ នៅកម្ពុជាមានសរុបមានចំនួន៧៣៩ទីតាំង ក្នុងនោះ៥២០ទីតាំងកំពុងបើកដំណើរការ, ១៩០ទីតាំងបានផ្អាកអាជីវកម្ម និង ២៩ ទីតាំងទៀតបានសម្រេចបិទអាជីវកម្មតែម្តង។ ដោយឡែកភោជនីយដ្ឋាន ដែលបច្ចុប្បន្នមានចំនួនសរុប ២ ៥២៩ ទីតាំង ក្នុងនោះជាង២ពាន់កន្លែងកំពុងបើកដំណើរការ និង៣៦៣ទីតាំងទៀតបានបន្តផ្អាក និងបិទអាជីវកម្ម។

បេី​តាមការបញ្ជាក់ពី​លោក តុប សុភ័ក អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា ក្នុងអំឡុងពេលនៃការរីករាលនៃជំងឺកូវីដ១៩ ខេត្តសៀមរាប ជាខេត្តដែលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ ដែលមូលដ្ឋានអាជីវកម្មនៅក្នុងខេត្តនេះប្រមាណ ៩០%បានផ្អាក និងបិទអាជីវកម្ម។ ចំណែកខេត្តគោលដៅទេសចរណ៍ផ្សេងទៀត រងផលប៉ះពាល់តិចតួច។

លោកអ្នកនាំពាក្យ​រូបនេះ​ បានគូសបញ្ជាក់ទៀតថា ក្រោយពេលដែលភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចាប់ផ្តើមកើនឡើងជាបណ្តើរៗ មូលដ្ឋានអាជីវកម្មទេសចរណ៍ នៅក្នុងខេត្តសៀមរាប រួមមានសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ប្រមាណ៤៦% ក្នុងចំណោមអាជីវកម្មដែលបានបិទទ្វារ ដោយសាររងផលប៉ះពាល់ពីវិបត្តិជំងឺកូវីដ១៩ បានបើកដំណើរការឡើងវិញជាបន្តបន្ទាប់។

រីឯមូលដ្ឋានអាជីវកម្មប្រមាណជាងពាក់កណ្តាលទៀត មិនទាន់អាចបើកដំណើរការនៅឡើយទេ ដោយសារតែចំនួនភ្ញៀវទេសចរណ៍ ទើបតែចាប់ផ្តើមដើរកម្សាន្ត និងមានចំនួនតិចតួចនៅឡើយ ដែលធ្វើឱ្យម្ចាស់អាជីវកម្មមួយចំនួននៅស្ទាក់ស្ទើរ មិនទាន់បើកដំណើរការ។

អ្នកនាំពាក្យរូបនេះ បន្ថែម​ថា​ នាពេលបច្ចុប្បន្ននៅទូទាំងប្រទេស មានភ្ញៀវទេសចរអន្តរជាតិដែលធ្វើដំណើរកម្សាន្តមកកម្ពុជាមាន ប្រមាណ៥០០០នាក់ ក្នុងនោះនៅខេត្តសៀមរាប មានប្រមាណពី៧០០នាក់ទៅ៨០០នាក់ នៅក្នុងមួយថ្ងៃ។

លោកអនុរដ្ឋលេខាធិការ​ បានបន្ថែមទៀតថា៖​ «នៅក្នុងរដូវកាលមានទេសចរណ៍ច្រើន ចាប់ពីខែតុលា វិច្ឆិកា ធ្នូ អាចថាដល់ពេលនោះ ចំនួនភ្ញៀវទេសចរអន្តរជាតិអាចនឹងឡើងច្រើន ដែលធ្វើឱ្យចំនួនមូលដ្ឋានអាជីវកម្មទេសចរណ៍ ដែលបានបិទកន្លងទៅ ក៏គាត់អាចបើកបន្តថែមទៀតដែរ»។

ជាមួយគ្នានោះ​ អនុប្រធានសមាគមសណ្ឋាគារ និងជាម្ចាស់សណ្ឋារគារមានទីតាំងនៅខេត្តក្រចេះ និងរតនគិរី លោកស្រី ខៃ ចិន្តា បានលើកឡើងដែរថា បន្ទាប់ពីវិស័យទេសចរណ៍ បានចាប់ផ្តើមងើបឡើងវិញជាបណ្តើរៗនេះ វិស័យសណ្ឋាគារ និងផ្ទះសំណាក់ បានដំណើរការល្អជាងមុន ប៉ុន្តែយ៉ាងណាពួកគេនៅតែមានបញ្ហាប្រឈម ដោយសារខ្វះខាតបុគ្គលិក និងថវិកា ដែលធ្វើឱ្យការបម្រើសេវាកម្មភ្ញៀវ នៅមានភាពខ្វះចន្លោះ។

លោកស្រីអនុប្រធានសមាគមសណ្ឋាគាររូបនេះ​ បានលើកឡើងយ៉ាងដូច្នេះថា៖ «តាមការធ្វើដំណើររបស់ខ្ញុំ ពីខេត្តមួយទៅខេត្តមួយ ឃើញថាសណ្ឋាគារ ឬផ្ទះសំណាក់ ពុំទាន់បានបើកឡើងវិញ១០០% ដូចកាលមុនកូវីដទេ។ ការមិនទាន់បើកទ្វាររបស់សណ្ឋាគារ និងផ្ទះសំណាក់មួយចំនួន គឺដោយសារទី១ កត្តាខ្វះទុន បើកឡើងវិញ ព្រោះថាការបើកសណ្ឋាគារ និងផ្ទះសំណាក់ ត្រូវការថវិកាគួរសមដែរ ទៅតាមប្រភេទអាជីវកម្មផ្ទះសំណាក់ សណ្ឋាគារតាមលំដាប់ ទី២.ខ្វះបុគ្គលិកជំនាញ អ្នកគ្រប់គ្រងជាដើម ព្រោះថារយៈពេលដែលបិទទ្វារក្នុងពេលកូវីដនេះ គឺបុគ្គលិកជំនាញទេសចរណ៍ គាត់ទៅធ្វើការកន្លែងផ្សេង និងមួយទៀតដែរ ភ្ញៀវទេសចរបរទេស ដែលមកស្រុកខ្មែរក៏មានកម្រិតដែរ។ អីចឹងអ្នកដែលមិនទាន់បើកទ្វារ ដោយសារគាត់មិនទាន់សង្ឃឹមថា បានភ្ញៀវគួរសម ដើម្បីទប់ទល់នឹងចំណាយ ធ្វើឱ្យទន្ទឹងចាំមើលបន្តិចទៀត។ ហេតុនេះបានជាយើងឃើញថាសណ្ឋាគារ ឬផ្ទះសំណាក់បើកជាបណ្តើរៗ គឺមិនមែនបើកក្នុងមួយខែ ឬបើកស្រុះគ្នានៅក្នុងឆ្នាំនេះទេ»។

គួបញ្ជាក់ថា​ គិតត្រឹមថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២នេះ មូលដ្ឋានអាជីវកម្មទេសចរណ៍សរុ បនៅកម្ពុជាមានជិត៨ពាន់អាជីវកម្ម ក្នុងនោះ៦៨១ អាជីវកម្ម ដែលស្មើនឹង ៨.៦៣% បានកំពុងផ្អាកអាជីវកម្ម និង ៥២៤អាជីវកម្ម ឬប្រមាណ៦.៦៤% បានបិទអាជីវកម្ម។ ក្នុងនោះដែរខេត្តសៀមរាប ដែលមានមូលដ្ឋានអាជីវកម្ម ១១៩៦ ក្នុងនោះ អាជីវកម្ម៦៥១ នៅបន្តផ្អាក និងបិទទ្វារ,នេះបេី​យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print