Update ៖ គិតត្រឹមម៉ោង​ ៩ព្រឹកថ្ងៃទី២៧ ខែសីហា​ ឆ្នាំ២០២២នេះ មានប្រជាពលរដ្ឋមកចូលរួមចាប់ឆ្នោតជ្រេីសរេីសទីតាំងទៅរស់នៅភូមិធម្មជាតិរុនតាឯក​ចំនួន​ ១១៦គ្រួសារ​ហេីយ

ចែករំលែក៖

ខេត្ត​សៀមរាប​៖​ នេះបេីយោង​តាមប្រភពព័ត៌មានពី​ផេកហ្វេសប៊ុកផ្លូវការរបស់​លោក​ឧបនាយក​រដ្ឋមន្ត្រី​ ជា​ សុផារ៉ា​ រដ្ឋមន្ត្រី​ក្រសួង​ដែនដី​នគរូបនីយកម្ម​ និង​សំណង់​ បានថ្លែងថា​៖​ គិតត្រឹមម៉ោង​ ៩ព្រឹកថ្ងៃទី២៧ ខែសីហា​ ឆ្នាំ២០២២នេះ មានប្រជាពលរដ្ឋមកចូលរួមចាប់ឆ្នោតជ្រេីសរេីសទីតាំងទៅរស់នៅភូមិធម្មជាតិរុនតាឯក​ ​ចំនួន​ ១១៦គ្រួសារ​ហេីយ។ 

គួររម្លឹកថា​ តាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា​ កាលពីថ្ងៃទី២៥​ ខែសីហា​ថ្មីៗនេះ​ការអនុវត្តយុទ្ធនាការចុះវាស់វែង កំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដី និងសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ទទួលបានលទ្ធផលដូចខាងក្រោម៖

១៖ វាស់វែងក្បាលដីបាន ៣០ ៥០៨ ក្បាលដី ទំហំ ៥ ៥៣០ ហិកតា ក្នុងនោះ ក្បាលដីមានសំណង់ចំនួន ១៧ ១៨៤ ក្បាលដី, ក្បាលដីគ្មានសំណង់ចំនួន ១១ ៤០៩ ក្បាលដី និងក្បាលដីជាដីស្រែ ចំការ ចំនួន១ ៩១៥ ក្បាលដី។

២៖ ប្រជាពលរដ្ឋដែលគ្រប់លក្ខខណ្ឌ និងស្ម័គ្រចិត្តរុះរើសំណង់ខុសច្បាប់ បានចាប់ឆ្នោតជ្រើសរើសឡូត៍ដីនៅភូមិធម្មជាតិរុនតាឯករួច ចំនួន ៧៨៩ គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានដីចំនួន ១ ឡូត៍ ទំហំ ២០ ម៉ែត្រ x ៣០ ម៉ែត្រ។

៣៖ ប្រជាពលរដ្ឋស្ម័គ្រចិត្តរុះរើតូបខុសច្បាប់ចំនួន ៤៤ តូប ក្នុងនោះ ១០ តូប ស្មើ ៧៩ ខ្ចុះ ស្ថិតនៅភូមិទក្សិណត្បូង និងភូមិវាល សង្កាត់គោកចក និងតូបលក់វត្ថុអនុស្សាវរីយ៍ចំនួន ៣៤ តូប ស្ថិតនៅមុខប្រាសាទបន្ទាយក្តី។

៥៖ ឈូសឆាយដីនៅតំបន់អភិវឌ្ឍរុនតាឯកសម្រាប់ប្រជាពលរដ្ឋដែលស្ម័គ្រចិត្តរុះរើសំណង់ខុសច្បាប់ មកតាំងទីលំនៅថ្មី បានទំហំ ១៥,១០ ហិកតា។

៦៖ បានស្ថាបនាផ្លូវគ្រួសក្រហមក្នុងភូមិធម្មជាតិរុនតាឯកចំនួន៥ ខ្សែ ប្រវែង ៨៣០ ម៉ែត្រ។

សូមបញ្ជាក់ថា ក្រុមការងារអន្តរក្រសួងដឹកនាំដោយ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បាន និងកំពុងបើកយុទ្ធនាការទ្រង់ទ្រាយធំចុះវាស់វែង កំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដី និងសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។

យុទ្ធនាការនេះ មានកម្លាំងសរុបប្រមាណ ១២០០ នាក់ ចែកចេញជា ៦៨ ក្រុម មានការចូលរួមពីមន្រ្តីជំនាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មន្រ្តីជំនាញរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងមន្រ្តីរបស់រដ្ឋបាលខេត្តសៀមរាប ដើម្បីចុះវាស់វែង កំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដីនិងសំណង់ខុសច្បាប់ ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។

ជាមួយនឹងការបើកយុទ្ធនាការនេះ ឧបនាយករដ្ឋមន្ត្រីក៏ បានព្រមានចំៗទៅពលរដ្ឋសង់សំណង់ខុសច្បាប់ទាំងឡាយក្នុងតំបន់រមណីយដ្ឋានអង្គរ ឱ្យប្រញាប់រុះរើសំណង់ទាំងនោះវិញដោយខ្លួនឯង ជាជាងការប្រើប្រាស់កម្លាំងអាជ្ញាធរចុះរុះរើ។

យុទ្ធនាការទ្រង់ទ្រាយធំចុះវាស់វែង កំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដី និងសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ធ្វើឡើងក្នុងបំណងការពារសម្បត្តិបេតិកភណ្ឌនៅក្នុងតំបន់អង្គរ ដែលត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ ការរុះរើសំណង់ខុសច្បាប់ទាំងអស់នេះ ដើម្បីបញ្ចៀសការខុសនូវលក្ខន្តិកៈនានារបស់អង្គការយូណេស្កូ ដែលប្រឈមនឹងការដកប្រាសាទអង្គរចេញពីបញ្ជីបេតិកភណ្ឌពិភពលោក៕

            

ដោយ​៖សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print