ម្ចាស់អាជីវកម្មក្នុងវិស័យទេសចរណ៍ចំនួន១៤៦ ទទួលកម្ចីសរុប ២០លានដុល្លារ ពីគម្រោងហិរញ្ញប្បទានស្ដារវិស័យទេសចរណ៍ឡើងវិញ​ គិតត្រឹមចុងខែសីហានេះ!

ចែករំលែក៖

ភ្នំពេញ៖ យោង​​តាមប្រភពព័ត៍មានពីក្រសួង​ទេសចរណ៍​ បានឱ្យដឹងនៅព្រឹកថ្ងៃចន្ទទី២៩​ ខែសីហា​ ឆ្នាំ​២០២២នេះ​ថា៖​ ​គិតត្រឹមចុងខែសីហា ឆ្នាំ២០២២នេះ SME Bank បានអនុម័តទំហំកម្ចីសរុបចំនួន ២០លានដុល្លារ ទៅដល់សំណើកម្ចីរបស់ម្ចាស់អាជីវកម្ម ក្នុងវិស័យទេសចរណ៍ចំនួន១៤៦ ដើម្បីឱ្យពួកគេយកទៅស្តារអាជីវកម្មរបស់ខ្លួន ក្នុងពេលដែលភ្ញៀវទេសចរអន្តរជាតិ ចាប់ផ្តើមចូលមកកម្សាន្តនៅកម្ពុជាបណ្តើរៗ ដែលជំរុញឱ្យវិស័យទេសចរណ៍នៅកម្ពុជាចាប់ផ្តើមងើបឡើងវិញ។​ នេះបើ​យោង​តាម​ការបញ្ជាក់​ពី​លោកបណ្ឌិត លឹម អូន អគ្គនាយកធនាគារសហគ្រាសធុនតូច និងមធ្យម (SME Bank)។

បន្ទាប់ពីគម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ បានដាក់ឱ្យអនុវត្តតាំងពីខែឧសភាមក ម្ចាស់អាជីវកម្ម ក្នុងវិស័យទេសចរណ៍ចំនួន១៤៨ បានដាក់សំណើកម្ចី ក្នុងនោះសំណើរចំនួន១៤៦ ត្រូវបានអនុម័ត។ ចំណែកសំណើកម្ចីចំនួន២ទៀត ត្រូវបានបដិសេធ។

លោកបណ្ឌិត លឹម អូន បានគូសបញ្ជាក់កាលពីថ្ងៃទី២៧ ខែសីហា​ ម្សិលមិញនេះថា កម្ចីភាគច្រើន គឺបានទៅលើអាជីវកម្ម សណ្ឋារគារ ផ្ទះសំណាក់ និងភោជនីយដ្ឋាន ដោយក្នុងចំណោមសំណើ ដែលបានអនុម័តនេះ សណ្ឋាគារមានចំនួន១៩ ផ្ទះសំណាក់ចំនួន ៤៤ ក្នុងទំហំទឹកប្រាក់ជាង១០លានដុល្លារ។ ចំណែកកម្ចីសម្រាប់ភោជនីយដ្ឋានមានចំនួន៦៥អតិថិជន ក្នុងទំហំប្រាក់ប្រមាណ៧លាន ៨០ម៉ឺនដុល្លារ ។ ក្រៅពីនោះគឺ អាជីវកម្មផ្សេងៗទៀតដែលគាំទ្រដល់វិស័យទេសចរណ៍ ចំនួន១៨ អតិថិជនដែលមានទំហំទឹកប្រាក់ ប្រមាណ២លានដុល្លារ។

លោកអគ្គនាយករូបនេះ​ បានគូសបញ្ជាក់បន្ថែមថា៖ «សន្ទុះនៃការដាក់ពាក្យស្នើសុំ បើប្រៀបធៀបជាមួយគម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធនតូច និងមធ្យមក្នុងដំណាក់កាលទី២ គឺមានភាពយឺតជាង។ ប៉ុន្តែខ្ញុំគិតថា ដោយសារគម្រោងនេះ គឺផ្តោតតែលើវិស័យទេសចរណ៍តែមួយមុខ ហើយគម្រោងមុន គឺមានការបើកទូលាយ ដែលមានវិស័យច្រើនចូលរួម។ ហេតុនេះភាពយឺតយ៉ាវ ឬចំនួនដែលស្នើមកតិចនេះ គឺជារឿងធម្មតា ដោយសារតែវាចង្អៀត ក៏ប៉ុន្តែយ៉ាងណាក៏ឃើញមានការផុលផុស ចាប់អារម្មណ៍ច្រើន ជាពិសេសតាមរយៈក្រសួងទេសចរណ៍ និងការផ្សព្វផ្សាយពីវិស័យទេសចរ។ សន្ទុះនៃការខ្ចីជិត២ខែមកនេះ បាន២០លានដុល្លារ គឺគិតថាគួរសមដែរ»។

ជាមួយគ្នា លោកសង្ឃឹមថា ខែបន្តបន្ទាប់ទៀតនឹងមានសន្ទុះនៃការស្នើកម្ចី និងការបញ្ចេញកម្ចី កាន់តែកើនឡើងថែមទៀត។ លោកវាយតម្លៃថា យ៉ាងយូរណាស់ត្រឹមដំណាច់ត្រីមាសទី១ ឆ្នាំ២០២៣ ទឹកប្រាក់ក្នុងគម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ នឹងត្រូវបញ្ចេញអស់។

សូមជម្រាបថា ក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុ កាលថ្ងៃទី១៧ ខែឧសភា ឆ្នាំ ២០២២ បានដាក់ឱ្យអនុវត្តគម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ ដើម្បីលើកស្ទួយវិស័យទេសចរណ៍នៅកម្ពុជា ឱ្យមានសន្ទុះឡើងវិញ ព្រមទាំងជួយដោះស្រាយបញ្ហាកង្វះហិរញ្ញប្បទាន របស់ម្ចាស់អាជីវកម្មក្នុងវិស័យនេះ។

គម្រោងហហិរញ្ញប្បទាននេះ មានទំហំទឹកប្រាក់សរុបចំនួន ១៥០ លានដុល្លារ ដែលបានមកពីថវិកាបដិភាគរបស់រាជរដ្ឋាភិបាលចំនួន ៧៥ លានដុល្លារតាមរយៈ SME Bank និងថវិកាបដិភាគរបស់គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) ចំនួន៧៥លានដុល្លារដោយផ្តល់អត្រាការប្រាក់៦.៥ភាគរយ ក្នុងមួយឆ្នាំ និងខ្ចីបានខ្ពស់បំផុតរហូតដល់៤០ម៉ឺនដុល្លារ ដែលអាចខ្ចីបានរហូតដល់៧ឆ្នាំ ហើយអ្វីដែលពិសេសនោះ រយៈពេលអនុគ្រោះនៃការសងត្រឡប់ប្រាក់ដើម មានរហូតដល់១២ខែ។

គម្រោងសហហិរញ្ញប្បទានស្តារវិស័យទេសចរណ៍នេះ គឺផ្តោតសំខាន់លើវិស័យទេសចរណ៍តែមួយប៉ុណ្ណោះ ដែលម្ចាស់អាជីវកម្មក្នុងវិស័យនេះអាច ស្នើសុំឥណទានពីគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម ដែលជាដៃគូរបស់ SME Bank ក្នុងអត្រាការប្រាក់សម្បទាន សម្រាប់ការកែលម្អ និងធ្វើទំនើបកម្ម ការពង្រីកខ្លួនបន្ថែម និងធ្វើពិពិធកម្មនៃសេវាទេសចរណ៍របស់ខ្លួន ដើម្បីត្រៀមទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ នៅពេលដែលវិបត្តិជំងឺកូវីដ១៩ បានធូរស្រាល។

យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ គិតត្រឹមថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២នេះ មូលដ្ឋានអាជីវកម្មទេសចរណ៍ សរុបនៅកម្ពុជាមានជិត៨ពាន់អាជីវកម្ម ក្នុងនោះ៦៨១ អាជីវកម្ម ដែលស្មើនឹង ៨.៦៣% បានកំពុងផ្អាកអាជីវកម្ម និង ៥២៤អាជីវកម្ម ឬប្រមាណ៦.៦៤% បានបិទអាជីវកម្ម។

ក្នុងចំណោមនោះដែរ សណ្ឋាគារ និងផ្ទះសំណាក់ចំនួន១៩០ទីតាំងបានផ្អាកអាជីវកម្ម និង២៩ ទីតាំងទៀត បានសម្រេចបិទអាជីវកម្មតែម្តង និង៥២០ទីតាំងកំពុងដំណើរការអាជីវកម្ម។ ដោយឡែកភោជនីយដ្ឋាន ដែលបច្ចុប្បន្នមានចំនួនសរុប ២ ៥២៩ ទីតាំង ក្នុងនោះជាង២ពាន់កន្លែងកំពុងបើកដំណើរការ និង៣៦៣ទីតាំងទៀតបានបន្តផ្អាក និងបិទអាជីវកម្ម ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print