អភិបាលរដ្ឋ អារីហ្ស៊ណា(Arizona) សហរដ្ឋអាមេរិក លោក Doug Ducey បានបំពេញទស្សនកិច្ចនៅកោះតៃវ៉ាន់នាថ្ងៃទី៣១ខែសីហា ដែលជាដំណើរទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់លើកដំបូង ក្រោយរយៈពេល១៧ឆ្នាំ ក្នុងគោលដៅបង្កើនទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកោះតៃវ៉ាន់ នឹងរដ្ឋនេះ។
លោក Doug Ducey បាននិយាយទៅកាន់ក្រុមអ្នកសារព័ត៌មាននៅថ្ងៃទី ៣១ខែសីហាថា លោកនឹងជួបពិភាក្សាជាមួយអគ្គនាយកក្រុមហ៊ុន Taiwan Semiconductor Manufacturing Co ដែលជាក្រុមហ៊ុនផលិតឈីបតាមកិច្ចព្រមព្រៀង ។ ក្រុមហ៊ុនខាងលើកំពុងតែសាងសង់រោងចក្រ មានតម្លៃ ១២ ពាន់លានដុល្លារនៅរដ្ឋ អារីហ្ស៊ណា ( Arizona ) ។ ជាមួយគ្នានេះដែរ លោកនឹងជួបពិភាក្សាជាមួយប្រមុខដឹកនាំកោះតៃវ៉ាន់ផងដែរ។
នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀតដែលពាក់ព័ន្ធនោះដែរ កងកម្លាំងតៃវ៉ាន់ បានបាញ់គំរាមយន្តហោះដ្រូនមួយគ្រឿងរបស់ចិន ដែលបានហោះចូលមកក្បែរដែនកោះរបស់ខ្លួននៅថ្ងៃទី៣១ខែសីហា បន្ទាប់ពីមេដឹកនាំលោកស្រី Tsai Ing-wen ចេញបញ្ជាឱ្យយោធារបស់តៃវ៉ាន់ចាត់វិធានការយ៉ាងខ្លាំងក្លាប្រឆាំងនឹងអ្វីដែលលោកស្រីចាត់ទុកថាជាការបង្កហេតុរបស់ចិន។
ក្នុងពេលចុះសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធនៅលើកោះ Penghu នៅថ្ងៃទី៣១ខែសីហា លោកស្រី Tsai Ing-wen បានរិះគន់ចំពោះសកម្មភាពយន្តហោះដ្រូនរបស់ចិន និងសកម្មភាពយុទ្ធសាស្ត្រ «តំបន់ពណ៌ប្រផេះ»។ លោកស្រីបានគូសបញ្ជាក់យ៉ាងដូច្នេះថា «យើងនឹងមិនបង្កជម្លោះទេ ហើយយើងនឹងអនុវត្តការអត់ធ្មត់ ប៉ុន្តែនេះមិនមានន័យថាយើងនឹងមិនប្រឆាំងនោះឡើយ»។
នេះជាលើកទីមួយហើយដែលការបាញ់គំរាមបែបនេះត្រូវបានធ្វើឡើងក្នុងអំឡុងពេលនៃភាពតានតឹងកាន់តែខ្លាំងឡើងរវាងចិននឹងតៃវ៉ាន់។ កោះគីនមិន មានចម្ងាយតែពីរបីរយម៉ែត្រប៉ុណ្ណោះពីទឹកដីចិន គឺទល់មុខទីក្រុង Xiamen និងទីក្រុង Quanzhou របស់ប្រទេសចិន។ ជុំវិញករណីនេះ មិនមានការឆ្លើយតបភ្លាមៗពីសំណាក់ទីក្រុងប៉េកាំង នៅឡើយទេ៕ ដោយធីរីណា
រូបថត:REUTERS