(កំពង់ធំ): លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ ក្រើនរំលឹកដល់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ខិតខំយកចិត្តទុកដាក់ថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ចូលរួមអនុវត្តនូវគោលនយោបាយ “ភូមិ ឃុំមានសុវត្ថិភាព” អោយបានល្អប្រសើរ ក្នុងនោះពាក់ព័ន្ធទៅនឹងការពង្រឹងមន្ត្រីនគរបាលប៉ុស្តិ៍ ឱ្យមានភាពជាម្ចាស់ ការចាត់ចែង រួមគ្នាបង្ការ ទប់ស្កាត់ បង្រ្កាបបទល្មើសគ្រប់ប្រភេទនៅតាមមូលដ្ឋានរៀងៗខ្លួន ពិសេសបទល្មើសគ្រឿងញៀន លួច ឆក់ ប្លន់ និងល្បែងស៊ីសងខុសច្បាប់នៅគ្រប់មូលដ្ឋានទូទាំងស្រុកប្រាសាទសំបូរ ដើម្បីធានាបាននូវការរស់នៅប្រកបដោយភាពសុខដុមរមនាជូនប្រជាពលរដ្ឋ។
ការលើកឡើងនេះ លោកអភិបាលខេត្ត ថ្លែងនៅក្នុងពិធីប្រកាសចូលកាន់មុខតំណែងលោក ឃីម សុឃាង ជាអភិបាលស្រុកប្រាសាទសំបូរ នារសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២។
ជាមួយគ្នានោះដែរលោក ងួន រតនៈ បានអបអរសាទចំពោះលោក ឃីម សុខឃាង ដែលត្រូវបានសម្តេចអគ្គមហាសេនាតេជោ នាយករដ្ឋមន្ត្រី ផ្ដល់សេចក្តីទុកចិត្តតែងតាំងជាអភិបាលស្រុកប្រាសាទសំបូរនៅពេលនេះ ក្នុងគោលបំណងដើម្បីប្រសិទ្ធភាពនៃការដឹកនាំ។
លើសពីនេះទៀតលោកអភិបាលខេត្ត បានជំរុញដល់ថ្នាក់ដឹកនាំស្រុកប្រាសាទសំបូរ ខិតខំដោះស្រាយបញ្ហាប្រឈម និងជម្លោះនានានៅមូលដ្ឋាន ក្នុងនោះ បញ្ហាជម្លោះដីធ្លី ជាបញ្ហាមួយក្នុងចំណោមបញ្ហាជាច្រើន ប្រើប្រាស់យន្តការដោះស្រាយដោយព្យាយាមអត់ធ្មត់ សម្របសម្រួលដោះស្រាយប្រកបដោយតម្លាភាព យុត្តិធម៌ និងត្រូវបញ្ចៀសឱ្យបាននូវអំពើហិង្សាតាមគ្រប់រូបភាព។
លោក ឃីម សុឃាង អភិបាលស្រុកប្រាសាទសំបូរ បានឡើងធ្វើចំណាប់អារម្មណ៍ជូនអង្គពិធី ដើម្បីជាសក្ខីភាព និងឆ្លើយតបទៅនឹងប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ក៏ដូចជាថ្នាក់ដឹកនាំខេត្ត លោកអភិបាលស្រុកថ្មី បានធ្វើការប្តេជ្ញាចិត្តដូចខាងក្រោម ១.ប្តេជ្ញាគោរពជាតិ សាសនា ព្រះមហាក្សត្រ និងអនុវត្តស្របតាមរដ្ឋធម្មនុញ្ញ បទបញ្ជារ និងលិខិត បទដ្ឋានគតិយុត្តិនានាជាធរមាន ដើម្បីធានាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈដល់ប្រយោជន៍ ជាតិ ជាពិសេសប្ដេជ្ញាចូលរួមការពារសន្តិភាព។ ២.ប្តេជ្ញាអនុវត្តនូវកម្មវិធីនយោបាយ យុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល និងសហការជាមួយ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក។ ៣.ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់នូវយុទ្ធសាស្រ្តគន្លឹះ និងវិធានការរបស់រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំខេត្ត ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីត ១៩ឲ្យមានប្រសិទ្ធិខ្ពស់ និងកូនធានាបាននូវប្រក្រតីភាពនៃការរស់នៅតាមបែបគន្លងថ្មីជូនបងប្អូនប្រជាពលរដ្ឋ។ ៤.ប្តេជ្ញាពង្រឹងរបៀបរបបធ្វើការ ទំនាក់ទំនងការងារក្រុមប្រឹក្សា គណៈអភិបាល ដោយឈរលើគោលការណ៍រដ្ឋបាលឯកភាព ដើម្បីធានាភាពជាម្ចាស់ក្នុងការគ្រប់គ្រង ចាត់ចែងមុខងារ និងធនធាននានាឲ្យកាន់តែមានប្រសិទ្ធិ ភាព។ ៥.ប្តេជ្ញាផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ តាមរយៈយន្តការច្រកចេញចូលតែមួយ ឲ្យកាន់តែល្អ។ ៦.ប្តេជ្ញាពង្រឹងការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ការគ្រប់គ្រងគ្រោះមហន្តរាយ និង ដោះស្រាយទំនាស់ដីធ្លីឲ្យទទួលបានលទ្ធផលល្អ។ ៧.ប្តេជ្ញាពង្រឹងសាមគ្គីភាពផ្ទៃក្នុង ក្រុមប្រឹក្សា គណៈអភិបាល និងមន្ត្រីរាជការក្រោមឱវាទ និងពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយក្រសួង ស្ថាប័ន វិស័យឯកជន និងអង្គកាសង្គមស៊ីវិល ដើម្បីពន្លឿនការអភិវឌ្ឍក្នុងមូលដ្ឋានស្រុកឲ្យកាន់តែរីកចម្រើន។