ភ្នំពេញ៖ យោងតាមប្រកាសព័ត៌មាន របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីល្ងាចថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២២បានឲ្យដឹងថា ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បាន បន្តកិច្ចប្រជុំរបស់ខ្លួនចាប់ពីម៉ោង ២:៣០នាទីរសៀល ដល់ម៉ោងប្រមាណជា ៧យប់ ដើម្បីបន្តពិភាក្សាកំណត់ ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៣ ។
ក្រសួងការងារបានបញ្ជាក់ថា ក្រោយការប្រជុំផ្ទៃក្នុងភាគីរបស់ខ្លួនចំនួន ៣លើក ភាគីតំណាងកម្មករនិយោជិតបានបន្ថយតួលេខពី ចំនួន ២១៥ដុល្លារអាម៉េរិក មកតួលេខ ២១៣ដុល្លារអាម៉េរិក ជាមូលដ្ឋានក្នុងការចរចាថ្ងៃនេះ។ ក្រោយការប្រជុំ ផ្ទៃក្នុងចំនួន ២លើក ភាគីនិយោជកក៏បានដំឡើងតួលេខពីចំនួន ១៩៤ដុល្លារអាម៉េរិក ទៅតួលេខ ១៩៦ដុល្លារ អាម៉េរិក ជាមូលដ្ឋានក្នុងការចរចាថ្ងៃនេះដែរ។
ភាគីទាំងពីរបានបន្តពន្យល់ និងការពារគោលជំហររបស់ខ្លួនទៅ វិញទៅមកប្រកបដោយវិជ្ជាជីវៈ និងភាពចាស់ទុំ នៅក្នុងកិច្ចប្រជុំត្រីភាគីនេះ ភាគីរាជរដ្ឋាភិបាលក៏បានបន្ត សម្របសម្រួល និងផ្តល់នូវការពន្យល់បន្ថែមលើចំណុចនានា តាមសំណូមពររបស់ភាគីតំណាងកម្មករនិយោជិត និងភាគីតំណាងនិយោជកផងដែរ។
តាមលក្ខណបច្ចេកទេស និងបម្រែបម្រួលទិន្នន័យនៃលក្ខណវិនិច្ឆ័យទាំង ៧ ដែលជាមូលដ្ឋានកំណត់ប្រាក់ឈ្នួលអប្បបរមានោះ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានគណនាឃើញថាតួលេខប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៣គឺ ១៩៧,៨៦ដុល្លារអាម៉េរិក។
ទោះបីយ៉ាងនេះក្តីភាគីទាំងអស់បាន ឯកភាពគ្នាកំណត់កិច្ចពិភាក្សាជាលក្ខណត្រីភាគីបន្តនៅម៉ោង ២:៣០នាទីរសៀល ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ និងប្រជុំបញ្ចប់នៅម៉ោង ២:៣០នាទីរសៀល ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ខាងមុខនេះ ៕
ដោយ៖ សូរិយា