ភ្នំពេញ : មេខ្លោង៦រូប បានគៀរគរប្រមូលផ្តុំប្រជាពលរដ្ឋ ដោយពុំមាន ច្បាប់អនុញ្ញាត មកតាម លោក ខឹម វាសនា ធ្វើកិច្ចសន្យាទទួលស្គាល់កំហុសរបស់ខ្លួន រហូតដល់ ៦ចំណុច ជាមួយអាជ្ញាធរ សមត្ថកិច្ច ។ ករណីសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានបង្ហោះ កិច្ចសន្យា នេះក្នុងប្រព័ន្ធ Telegram ផ្លូវការ របស់សម្តេចទៀតផង។
ខាងក្រោមនេះជាការទទួលកំហុសដោយបញ្ជាក់ថា,
ពួកយើងខ្ញុំទាំងអស់គា្នសូមទទួលស្គាល់នូវកំហុស និងធានាអះអាងដូចខាងក្រោម៖
១. យើងខ្ញុំសូមទទួលស្គាល់ថាពិតជាមានកំហុសដែលបានគៀរគរប្រមូលផ្តុំប្រជាពលរដ្ឋ ដោយពុំមាន ច្បាប់អនុញ្ញាត បានប្រព្រឹត្តនៅថ្ងៃទី២៣ ខែ សីហា ឆ្នាំ ២០២២ រហូតដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ នៅចំណុចំការទំហំ ១២ហិតា និង ២៥ហិតា ជាកម្មសិទ្ធិរបស់ឈ្មោះ នី ចាន់ពិនិត្យ ស្ថិតនៅភូមិថ្មដល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
២. យើងខ្ញុំសូមបញ្ឈប់ការសាងសង់ជម្រក និង រោងខុសច្បាប់ផ្សេងៗសម្រាប់ឲ្យប្រជាជនទាំងនោះបន្តរស់នៅ តទៅ ទៀតហើយ ចំណែកជម្រក និង រោងខុសច្បាប់ដែលបានសង់រួចហើយក៏ត្រូវរុះរើចេញដែរ ក្នុងករណីសាងសង់ថ្មីយើងខ្ញុំត្រូវតែ សុំច្បាប់អនុញ្ញាតពីអាជ្ញាធរឲ្យបានត្រឹមត្រូវ។
៣. យើងខ្ញុំនិងប្រកាសឲ្យប្រជាពលរដ្ឋរំសាយការជូបជុំ ការរស់នៅលើដីចំការរបស់ឈ្មោះ នី ចាន់ពិនិត្យ ទាំងពីរទីតាំង ខាងលើចាប់ពីពេលនេះតទៅ ក្នុងករណីមានបុគ្គលណាមួយមានការរឹងទទឹងមិនព្រមចាកចេញសូមអាជ្ញាធរចាត់ការទៅតាម ផ្លូវច្បាប់។ក្នុងនោះសូមបញ្ឈប់ឲ្យកម្លាំងធ្វើការរារាំងផ្លូវចេញចូលនិងឈប់ប្រើប្រាស់វិទ្យុទាក់ទង (អាយគម ដោយគ្មានការ អនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច ចាប់ពីថ្ងៃធ្វើកិច្ចសន្យានេះតទៅ។
៤. យើងខ្ញុំសូមសន្យាថានិងប្រកាសផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋដែលស្នាក់នៅខុសច្បាប់ នៅក្នុងដីចំការរបស់ខ្ញុំ ទាំងពីរ ទីតាំងខាងលើចាកចេញត្រឡប់ទៅផ្ទះវិញរៀងៗខ្លួនក្នុងរយៈពេល ៥ថ្ងៃ គិតចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ ត្រឹមវេលាម៉ោង១៧ និង៣០នាទី ជាកំបិត។ ក្នុងករណីជនណាម្នាក់រឹងរុះមិនព្រមអនុវត្តតាមការសំណូមពរឲ្យចាកចេញតាមកាលបរិច្ឆេទដូចបានកំណត់ខាងលើនេះ សូមឲ្យ អាជ្ញាធរមានសមត្ថកិច្ចជួយអន្តរាគមន៍ ឬចាត់ការតាមផ្លូវច្បាប់អោយពួកគាត់ចាកចេញ។
៥. ក្នុងករណីមានបទល្មើសណាមួយកើតឡើង នៅក្នុងទីតាំងដីចំការទាំងពីរទីតាំងរបស់ខ្ញុំបានខាងលើ សូមអាជ្ញាធរមានសមត្ថកិច្ច ចាត់ការទៅតាមផ្លូវច្បាប់។
៦.យើងខ្ញុំសូមមិនធ្វើការឃោសនាផ្សព្វផ្សាយណាមួយឬទទួលឲ្យប្រជាជនចូលមករស់នៅលើដីចំការរបស់ខ្ញុំ ដោយខុសច្បាប់តទៅទៀតនោះទេ។
កិច្ចសន្យាជាលក្ខណ៍អក្សរខាងលើនេះធ្វើឡើងដោយការស្ម័គ្រចិត្ត គ្មានការបង្ខិតង្ខំ ឬគម្រាមកំហែងអ្វីមួយឡើយ៕
ដោយ : សិលា