ភ្នំពេញ៖ នេះបេីយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ បានឱ្យដឹងនៅយប់ថ្ងៃព្រហស្បតិ៍ទី០១ ខែកញ្ញា ឆ្នាំ២០២២នេះថា៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ ឲ្យដឹងថា ចំនួនគោលដៅសរុប ១៤៥គោលដៅ មានយានយន្តចូលគោលដៅចំនួន ១.៧៩៣គ្រឿង ម៉ូតូចំនួន ១.៧៨១គ្រឿង ក្នុងនោះរកឃើញ យានយន្តល្មើសសរុបចំនួន ៣១៨គ្រឿង មានម៉ូតូចំនួន ៣០៦គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែលបានវាយតម្លៃរយៈពេល០១ថ្ងៃនៃខែកញ្ញានេះ ឃើញថា ការអនុវត្តតាមអនុក្រឹត្យ ការផាកពិន័យយានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ។
ជាមួយគ្នានោះ នាយកដ្ឋាននគរបាលចរាចរណ៍ បានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២នេះ បណ្តាលឲ្យមនុស្សស្លាប់ ចំនួន៦នាក់(ស្រី១នាក់) របួសធ្ងន់ ៦នាក់ (ស្រី៤នាក់) របួសស្រាល ៦នាក់(ស្រី៣នាក់) ។
យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី០១ ខែកញ្ញា បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់និងរបួសចំនួន១៨នាក់ កើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន ៩លើក។ ដូច្នេះសូមធ្វើដំណើរប្រកាន់ខ្ជាប់នូវច្បាប់ចរាចរណ៍ជានិច្ច !៕ដោយ៖ស តារា