ភ្នំពេញ : នៅទីស្តីការក្រសួងបរិស្ថាន ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលជួបលោកស្រី Shomi Kim ប្រធានតំណាងវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (GGGI) ប្រចាំកម្ពុជា ដើម្បីសំដែងការគួរសមនិងពិភាក្សាការងារ។ លោករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់លើកិច្ចសហការនិងការគាំទ្របច្ចេកទេសលើការងារកសាងគោលនយោបាយនិងការអនុវត្តគម្រោងសាកល្បងនានាលើការអភិវឌ្ឍន៍ទីក្រុងនិរន្តរភាពនៅកម្ពុជា ការគ្រប់គ្រងនិងកែច្នៃសំណល់ទៅជាថាមពល និងការធ្វើអោយប្រសើរឡើងនូវប្រសិទ្ធភាពថាមពលក្នុងវិស័យវាយនភណ្ឌ។
លោករដ្ឋមន្ត្រីក៏បានលើកឡើងដល់ GGGI ពីការគិតគូរការប្រើប្រាស់ថាមពលកកើតឡើងវិញ ក្នុងការប្រព្រឹត្តកម្មទឹក ថាមពលស្អាត និងការកែច្នៃសំណល់និងបា្លស្ទិក និងកិច្ចសហការជម្រុញហិរញ្ញប្បទានបៃតងដល់វិស័យកជនដើម្បីពង្រីកកាលានុវត្តភាពអាជីវកម្មដែលគិតគូរដល់បរិស្ថាន និងចូលរួមលើកស្ទួយកំណើនសេដ្ឋកិច្ចជាតិ។ លោកស្រី Shomi Kim បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងបរិស្ថាន ដែលតែងតែគាំទ្រដល់កិច្ចសហការល្អជាដៃគូ ក្នុងការអនុវត្តគម្រោងនានា និងបន្តប្តេជ្ញាកៀងគរធនធានហិរញ្ញវត្ថុ និងបច្ចេកទេសពីប្រភពនានា ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ដោយចីរភាពនៅកម្ពុជា ៕
ដោយ : សិលា