ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៍មានពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា កម្លាំងជំនាញនៅព្រឹកថ្ងៃសៅរ៍ទី០៣ ខែកញ្ញា ឆ្នាំ២០២២នេះ បានបញ្ជូនខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួកចំនួន០៤នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដេីម្បីចាត់ការតាមច្បាប់ បន្ទាប់ពីកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវឃាត់ខ្លួនបានបន្ថែមទៀត ក្នុងករណីឆក់។
ជនសង្ស័យឈ្មោះ ត្រាណេ សុចិន្តា ហៅ កូកូ ហៅ បារាំង ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៦ ផ្លូវលេខ២៣៨ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានបញ្ជាក់ថា កម្លាំងជំនាញ កាលពីវេលាម៉ោង ២រសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់បន្ថែមទៀត ពាក់ព័ន្ធករណីឆក់ទូរសព្ទ័ដៃបណ្តាលឲ្យជនរងគ្រោះដួលម៉ូតូ នៅចំណុចមុខផ្ទះបិតស្កុតម៉ូតូ ផ្លូវលេខ១០៧ សង្កាត់អូរឬស្សី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ ដែលជាបក្ខពួករបស់ជនសង្ស័យឈ្មោះ លិច សុវណ្ណាលុច ហៅ លុច និងឈ្មោះ ប៊ូ សុវណ្ណដាវីដ ហៅ វីដ ប្រព្រឹត្តនៅចំណុចផ្លូវលេខ១៩៥៨ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែ មីនា ឆ្នាំ២០២២។
បច្ចុប្បន្នជនសង្ស័យខាងលើនេះ នៅព្រឹកថ្ងៃសៅរ៍ទី០៣ ខែកញ្ញានេះ កម្លាំងជំនាញការិយាល័យបានបញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕
ដោយ៖សហការី