តោះ! មកស្ដាប់ចម្លើយសារភាពរបស់ជនឆបោក ប្រេីប្រាស់ក្នុងរូបភាពផ្ញើលុយ និងសម្ភារមានតម្លៃពីក្រៅប្រទេស

ចែករំលែក៖

ភ្នំពេញ​៖​ បើ​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ​ នៅព្រឹកថ្ងៃ​សៅរ៍​ទី​០៣​ ខែកញ្ញា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​៖​ យោងតាមចម្លើយសារភាពរបស់ជនសង្ស័យទាំងពីរនាក់នេះ ពួកគេធ្លាប់បានបោកប្រាស់ក្នុងរូបភាពផ្ញើលុយ និងសម្ភារមានតម្លៃពីក្រៅប្រទេស ទាំងបានសម្រេច និងមិនបានសម្រេច ចំនួន៧,៩១០លេខទូរស័ព្ទ អាចស្មើនឹងចំនួនជនរងគ្រោះដូចគ្នានេះដែរ ។

លេខទូរស័ព្ទជនរងគ្រោះដែលពួកគេធ្លាប់បានធ្វើសកម្មភាពបោកប្រាស់ ហើយកត់ទុកក្នុងសៀវភៅចំនួន៥ក្បាល ក្នុងនោះសៀវភៅទី១ មានចំនួន១,៦៨១លេខ, សៀវភៅទី២ មានចំនួន ៦៣២លេខ, សៀវភៅទី៣ មានចំនួន១,៩៩៤លេខ និងសៀវភៅទី៤ មានចំនួន២៩លេខ សរុបចំនួន៧,៩១០នាក់។

ហេតុដូច្នេះសូមប្រជាពលរដ្ឋដែលធ្លាប់ចាញ់បោកជនទាំងពីរនាក់នេះ តាមរយៈការផ្ញើលុយឲ្យជននេះជាថ្នូរដើម្បីបានសម្ភារមកពីក្រៅប្រទេស សូមទំនាក់ទំនងមកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីប្ដឹងដាក់បន្ទុកបន្ថែមទៅលើជនសង្ស័យ។

សូមជម្រាបថា ប្រតិបត្តិការនេះធ្វើឡើងក្រោមការណែនាំផ្ទាល់ពីលោកនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងអគ្គស្នងការរងទទួលផែន និងចង្អុលបង្ហាញបញ្ជាដឹកនាំដោយ លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។

ក្រោយទទួលបានបទបញ្ជាដ៏ម៉ឺងម៉ាត់ លោកឧត្តមសេនីយ៍ទោ ជាវ​វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ បើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ និងឈានរហូតដល់ការឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់តែម្ដង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ។

គួររម្លឹកថា​ យោងតាមដំណេីររឿងហេតុ​កាលពីថ្ងៃទីអំឡុង ខែសីហា ឆ្នាំ២០២២ មានគណនីហ្វេសបុកឈ្មោះ PARIMAL បានប្រាប់ថាខ្លួនជាប់នៅប្រទេសអ៊ុយក្រែន ហើយខ្លួនត្រូវការផ្ញើប្រាក់មកទុកនៅស្រុកខ្មែរ ដើម្បីរកមនុស្សចិត្តល្អជួយរក្សាទុកឲ្យ ហើយឈ្មោះ PARIMAL ធ្វើជាជ្រើសរើសយកជនរងគ្រោះឈ្មោះ ឯក ពិសិដ្ឋ ភេទប្រុស រស់នៅសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បន្ទាប់មកក៏មានស្រ្តីជនជាតិខ្មែរម្នាក់ អះអាងខ្លួនជាមន្រ្តីគយ ដែលបានឃាត់ប្រាក់ខាងលើ ស្ត្រីនោះបញ្ជាក់ទៀតថា ទាល់តែបង់ប្រាក់ពិន័យចំនួន USD ១៧,៥០០$ តាមរយៈវីងលេខ 078 654 172 ទើបអាចទទួលបានកញ្ចប់ប្រាក់ខាងលើ។ ដោយចាញ់ល្បិចកលរបស់ក្រុមឆបោកខាងលើ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ ជនរងគ្រោះបានផ្ញើប្រាក់ជាបន្តបន្ទាប់សរុប៩,១២០$។

ប៉ុន្តែក្រោយពីផ្ញើប្រាក់រួចជនរងគ្រោះទាក់ទងលែងបាន ចំណែកគណនីហ្វេកបុកឈ្មោះ PARIMAL ក៏មិនអាចទាក់ទងបានទៀត ទើបដឹងថាចាញ់បោកគេហើយ ប៉ុន្តែនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ ស្រាប់តែឈ្មោះ PARIMAL បានទាក់ទងមកឲ្យជនរងគ្រោះផ្ញើប្រាក់បន្ថែម៥០០០$ ទៀតនឹងទទួលបានកញ្ចប់ប្រាក់នោះ តែមុនពេលផ្ញើប្រាក់ជនរងគ្រោះបានរាយការណ៍មកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីជួយអន្តរាគមន៍ទើបឃាត់ខ្លួនជនសង្ស័យបាន ខណៈពេលកំពុងចូលទៅដកប្រាក់នៅទីតាំងវីងមួយកន្លែងស្ថិតនៅសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ដែលមានឈ្មោះដូចខាងក្រោម៖

ទី១៖ ឈ្មោះ  N’ CHO MARCEL ភេទប្រុស ជនជាតិ កូដូវ័រ និងទី២៖ឈ្មោះ ដូង ធារី  ភេទស្រី  ជនជាតិ ខ្មែរ។

សម្ភារៈដកហូតរួមមាន ៖ ប្រាក់ដុល្លារចំនួន ៥៨០០$ (ប្រាក់ជនរងគ្រោះ), ទូរស័ព្ទចំនួន ០៤គ្រឿង (អិនចុចពិល ០២, ស្មាតហ្វូន ០២), លោហៈធាតុពណ៌លឿង (ខ្សែដៃ១, ខ្សែក១ ), ស៊ីមកាតមួយចំនួន, លិខិតឆ្លងដែន ០១ក្បាល និងសៀវភៅលេខទូរសព្ទ័របស់ជនរងគ្រោះ ០១ក្បាល។

ជនសង្ស័យបានឆ្លើយសារភាពថា ឈ្មោះ ASIA ភេទប្រុស ជនជាតិ វ៉េណេស៊ុយអេទ្បា រស់នៅក្រៅប្រទេស បានទំនាក់ទំនងទៅជនរងគ្រោះតាមរយៈហ្វេសប៊ុក និងសុំលេខពីជនរងគ្រោះថាខ្លួនចង់ផ្ញើអីវ៉ាន់ ឬប្រាក់ជាច្រើន ទៅប្រទេសកម្ពុជា ដោយឲ្យជនរងគ្រោះជាអ្នកទទួលអីវ៉ាន់ ឬប្រាក់បញ្ញើនោះ ។ បន្ទាប់មកឈ្មោះ ASIA បានផ្ញើលេខទូរសព្ទ័របស់ជនរងគ្រោះឲ្យទៅឈ្មោះ N’ CHO MARCEL ហើយឲ្យស្រ្តីម្នាក់ដើរតួជា គយ បង្គាប់ឲ្យជនរងគ្រោះផ្ញើប្រាក់បង់ពន្ធដើម្បីយកទំនិញនោះចេញ៕

    

ដោយ​៖សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print