ស្រ្តី​៦នាក់​ដែល​ជាសកម្មជនរបស់គណបក្ស LDP ត្រូវ​តុលាការខេត្តសៀមរាប​សម្រេចឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន

ចែករំលែក៖

ខេត្ត​សៀមរាប៖ បើ​យោង​តាមប្រភពព័ត៌មានពី​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សៀមរាប​នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២២នេះ​បានឱ្យដឹងថា​ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តបានសម្រេចចេញដីកាឃុំខ្លួនស្ត្រីទាំង៦នាក់ដែលជាសកម្មជនរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ដោយចោទប្រកាន់ពីបទ «ប្រឆាំងនឹងមន្ត្រីរាជការសាធារណៈដោយមានស្ថានទម្ងន់ទោស» តាមមាត្រា៥០៣ និង ៥០៥ នៃក្រមព្រហ្មទណ្ឌ។

សូមបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី០១ ខែកញ្ញា​កន្លងមកថ្មីៗនេះ​ កម្លាំងនគរបាល​ព្រហ្មទណ្ឌ​ខេត្ត​បានឃាត់ខ្លួន​មនុស្សចំនួន៦នាក់នៅចំណុចប៉ុស្តិ៍ហាមមុខដីចម្ការលោក ខឹម វាសនា ក្នុងឃុំត្បែង ស្រុកបន្ទាយស្រី ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីព្រះរាជអាជ្ញានៃអយ្យការ អមសាលាដំបូងខេត្តសៀមរាប។

ជនត្រូវចោទទាំង៦នាក់ក្នុងនោះរួមមាន៖ ទី១-ឈ្មោះ ឈិត ស្រីឡាង​, ទី២-ឈ្មោះ ថុង ដារ៉ាស៊ី​ , ទី៣-ឈ្មោះ អុីសូជីង​, ទី៤-ឈ្មោះ ជុំ ខុម​, ទី៥-ឈ្មោះ ភួង សម្ផស្សបូផា​ និងទី៦-ឈ្មោះ កូវ ឡោ​ សុទ្ធ​តែស្រ្តីទាំងអស់។

សូមជម្រាបថា​ មនុស្ស​៦​នាក់ដែល​ជា​តំណាង​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ (LDP) របស់លោកខឹ​ម វាសនា ត្រូវ​បាន​អាជ្ញា​ធរមាន​សមត្ថកិច្ច​ឃាត់ខ្លួន​នៅ​ព្រឹក​មិញនេះ​ បន្ទាប់​ពី​ក្រុម​គាត់​បាន​បំពាន​កិច្ចសន្យា និង​ធ្វើ​សកម្មភាព​ប្រឆាំងអ្នករាជការ​សាធារណៈ ដោយ​មិន​ស្ដាប់​តាម​ការ​ណែនាំ និង​មានការ​បង្ខាំង​មនុស្ស​មិន​ឱ្យ​ចាក​ចេញពី​ចម្ការ​លោក ខឹ​ម វាសនា ដែល​ស្ថិត​នៅ​ជើងភ្នំ​គូលែន ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​។

​ដំបូង​ឡើយ​អ្នក​ទាំង​៦​នាក់​នោះបាន​ចាក​ចេញពី​ដីចម្ការហើយ ហើយស្រាប់តែ​ព្យាយាម​ចូល​ទៅ​វិញក៏​ត្រូវ​បាន​អាជ្ញាធរមាន​សមត្ថកិច្ច​មិន​ឱ្យ​ចូល ពេលនោះពួកគេបានជិះរថយន្តរួមគ្នាដឹកបន្លែចូលតំបន់ហាមឃាត់ ហើយបានជិះរថយន្តទៅបុកបារាសរបស់សមត្ថកិច្ចបាក់អស់២កន្លែង​ និងបានប្រើហិង្សាមកលើសមត្ថកិច្ច ថែមទាំងធ្វើការរារាំងក្នុងប្រតិបត្តិការរបស់សមត្ថកិច្ចនិងជេរថែមទៀត ទើបសមត្ថកិច្ចអនុវត្តវិធានការច្បាប់តែម្តង៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print