ការវាយប្រហារគ្រាប់បែកទៅលើព្រះវិហារអ៊ិស្លាមនិកាយស៊ីអុីត គឺព្រះវិហារ Guzargah ក្នុងពេលដែលសាសនិកកំពុងតែធ្វើពិធីបួងសួងនៅក្នុងទីក្រុង Herat ក្នុងប្រទេសអាហ្វហ្គានីស្ថាន។ គ្រាប់បែកបានផ្ទុះនៅវេលាម៉ោង ១២និង៤០នាទី ថ្ងៃទី ២ខែកញ្ញា(ពេលវេលាក្នុងតំបន់)។
រូបភាពបានបង្ហោះនៅលើសារព័ត៌មាន Khaama Press របស់អាហ្វហ្គានីស្ថានបានបង្ហាញថា នៅមុខព្រះវិហារ Guzargah មានសាកសពជាច្រើន ក៏ដូចជាអ្នករងរបួសឈាមដាបពេញទីធ្លា។
មន្ត្រីក្នុងតំបន់បានឱ្យដឹងថា មានមនុស្ស២០នាក់ស្លាប់ និងជាង២០នាក់រងរបួស។ ក្នុងចំណោមអ្នកស្លាប់មានគ្រូបង្រៀនសាសនា Mawlawi Mujib Rahman Ansari អាយុ៣៨ឆ្នាំដែលមានឥទ្ធិពលនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដែលបានដឹកនាំក្នុងពិធីបន់ស្រន់នោះ។ ជាមួយគ្នានោះដែរ អង្ករក្សការពារ៤នាក់របស់លោកក៏បានស្លាប់ផងដែរ។
លោក Mawlawi Mujib Rahman Ansari គឺជាអ្នកលើកឡើងពីការរក្សាច្បាប់អ៊ិស្លាមដ៏តឹងតែងរបស់ប្រទេសនេះ ហើយក៏ជាអ្នកថ្កោលទោសលោកខាងលិចដែរ ។ នៅក្នុងកិច្ចប្រជុំសាសនា ពេលកន្លងមក លោក Mawlawi Mujib Rahman Ansari បានបញ្ជាក់ថា អ្នកណាដែលបានក្រោកឡើងប្រឆាំងរបបអ៊ិស្លាមនឹងត្រូវកាត់ក្បាល។
មន្ត្រីរដ្ឋាភិបាលតាលីបង់បានប្រកាសថា នេះជាការវាយប្រហារទ្រង់ទ្រាយធំនៅក្នុងប្រទេសនេះ ដោយបានសម្លាប់ប្រមុខដឹកនាំសាសនាដ៏សំខាន់ៗ ក្នុងប្រទេសនេះ ៕ ដោយធីរីណា
រូបថត :AP/ Khaama