អភិបាលខេត្តសៀមរាបបញ្ជាក់ថា ការប្រមូលផ្តុំរបស់លោក ខឹម វាសនា ត្រូវបានប្រកាសរំសាយអស់ហើយត្រឹមល្ងាច ថ្ងៃទី០៥ ខែកញ្ញានេះ

ចែករំលែក៖

ខេត្តសៀមរាប៖ សេចក្តីរាយការណ៍ពីខេត្តសៀមរាបបានឲ្យដឹងថាគិតមកដល់ព្រលប់ថ្ងៃទី៥ខែកញ្ញាឆ្នាំ២០២២ ដែលជាឱសានវាទសម្រាប់ការចាកចេញពីចម្ការរបស់លោកខឹម វាសនា បានមកដល់ហើយ ហើយក៏មាននៅសល់មនុស្សតិចតួចប៉ុណ្ណោះដែលមិនទាន់បានចាក ចេញ។ តែអាចនិយាយបានថា សមត្ថកិច្ចបានគ្រប់គ្រងនិងបញ្ចប់រួចរាល់ហើយ។

លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានឱ្យដឹងថា ការប្រមូលផ្តុំកម្លាំងរបស់លោក ខឹម វាសនា នៅដីចម្ការ ស្ថិតនៅភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ត្រូវបានប្រកាសរំសាយអស់ហើយត្រឹមល្ងាចថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២នេះ។លោកទទួលស្គាល់ថាមាននៅសល់កម្លាំងតិចតួចដែលត្រូវការពេលវេលាដើម្បីសម្របសម្រួលបន្ត។

ពេលនេះអាជ្ញាធរ កំពុងរៀបចំសម្របសម្រួលអោយប្រជាជនចេញទាំងអស់ទុកតែអ្នកដែលរស់នៅលើដី ចម្ការនោះតែប៉ុណ្ណោះ ហើយដោយនីតិវិធីត្រូវបំពេញច្រើន អាជ្ញាធរនឹងបន្តការងារនេះនៅពេលវេលាបន្តទៀត។ រីឯដែលអ្នកនៅបន្តត្រូវបានបញ្ជាក់យ៉ាងច្បាស់លាស់ពីម្ចាស់ចម្ការ។

លោកអភិបាលខេត្តបានបន្តថា ចំពោះអ្នកដែលត្រូវស្នាក់នៅដីក្នុងដីចម្ការនេះ អាជ្ញាធរបានឱ្យម្ចាស់ដីបញ្ជក់ចំនួនឱ្យច្បាស់លាស់ ដើម្បីឱ្យស្របតាមច្បាប់អាស្រ័យ ផលលើដីឯកជន ហើយបន្ទាប់ពីម្ចាស់ដីបញ្ជាក់ចំនួនរួចហើយ អ្នកដែលនៅសល់ត្រូវតែចាកចេញទាំងអស់។លោកបានបញ្ជាក់ថា យើងត្រូវបញ្ជាក់ចំនួនកម្មករនិងអ្នកស្នាក់នៅឲ្យបានពិតប្រាកដ។

គិតត្រឹមល្ងាចនេះ អ្នកដែលកំពុងនៅក្នុងដីចម្ការនេះ នៅមានតិចតួចប៉ុណ្ណោះ ហើយអាជ្ញាធរនឹងបន្តសម្រប សម្រួលរវាងម្ចាស់ដី និងប្រជាជនដែលត្រូវចាកចេញ។អាជ្ញាធររំពឹងថាសភាពការណ៍និងត្រឡប់ទៅរកភាពស្ងប់ ស្ងាត់វិញដូចប្រក្រតី ហើយប្រជាពលរដ្ឋនឹងត្រឡប់ទៅប្រកបរបររកស៊ីនៅតាមមូលដ្ឋានរបស់ខ្លួនវិញ។

សូមបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី២៣ ខែសីហា ឆ្នាំ ២០២២ មានបងប្អូនប្រជាពលរដ្ឋ ទាំងក្នុងប្រទេស និងក្រៅប្រទេស រួមទាំងសមាជិកបក្សសម្ព័ន្ធដើម្បីប្រជាធិ បតេយ្យ (LDP) បានលង់ជឿតាមការបកស្រាយបែបអប្បិយជំនឿរបស់លោក ខឹម វាសនា ដែលថានឹងមានគ្រោះរញ្ជួយដី ហើយនឹងបណ្តាលឱ្យមានទឹកជំនន់លិចពិភពលោក ស្លាប់ទាំងអស់ លើកលែងតែចម្ការនៅម្តុំភ្នំគូលែនតែប៉ុណ្ណោះ ដែលការឃោសនាសាបព្រោះនេះ បានធ្វើឱ្យយុវជន យុវតី និងប្រជាពលរដ្ឋខ្លះៗទៀត (ខ្លះនៅរហូតដល់ក្រៅប្រទេស) សម្រេចបោះបង់ការសិក្សា បោះបង់ការងារ បោះបង់ឪពុកម្តាយ និងផ្ទះសម្បែង ហើយចូលទៅសម្ងំនៅក្នុងចម្ការរបស់លោក ខឹម វាសនា នៅម្តុំភ្នំគូលែន ស្រុកបន្ទាយស្រី៕

...

ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print