ប្រជាពលរដ្ឋភូមិសំឡូតស្នើសុំអាជ្ញាធរខេត្តជួយធ្វើអន្តរាគមន៍ចំពោះបុគ្គលម្នាក់ជាមន្ត្រីរាជការដែលធ្វើការឈួសឆាយផ្លូវលំចាស់ សង្ស័យយកជាប្រយោជន៍ឯកជន

ចែករំលែក៖

ខេត្តបាត់ដំបង៖ ប្រជាពលរដ្ឋជាង១០គ្រួសាររស់នៅភូមិសំឡូត ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង បាននាំគ្នាមកពឹងពាក់អ្នកសារព័ត៌មានឱ្យជួយផ្សព្វផ្សាយរឿងរ៉ាវពាក់ព័ន្ធនឹងបុគ្គលម្នាក់ឈ្មោះ តួ ធាងទឺ ភេទប្រុស ជាមន្ត្រីរាជការ ដែលបានធ្វើការឈួសឆាយផ្លូវលំសាធារណៈមួយខ្សែដែលពួកគាត់ធ្វើដំណើរឆ្លងកាត់ជាយូរឆ្នាំមកហើយ ដោយពួកគាត់ដាក់ការសង្ស័យថា អាចឈូសឆាយយកជាប្រយោជន៍ឯកជន។ ការពឹងពាក់ប្រកាសរកជំនួយពីអាជ្ញាធរខេត្តនេះធ្វើឡើងនៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតក្នុងភូមិសំឡូត ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានឱ្យដឹងថា៖ ផ្លូវលំមួយខ្សែខាងលើនេះគឺជាផ្លូវលំចាស់តាំងពីយូរយារណាស់មកហើយ មិនដែលមានអ្នកណាមកឈួសឆាយអ្វីនោះទេ ទើបតែនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២២ ក៏ស្រាប់តែមានបុគ្គលម្នាក់ឈ្មោះ តួ ធាងទឺ បានមកធ្វើការឈួសឆាយបំផ្លិចបំផ្លាញផ្លូវលំ ដែលពួកគាត់ធ្លាប់ធ្វើដំណើរជារៀងរាល់ថ្ងៃឱ្យខូចខាតពិបាកធ្វើដំណើរឆ្លងកាត់តែម្តង។ ប្រភពព័ត៌មានបានបន្តថា ផ្លូវលំមួយខ្សែនេះក៏ជាផ្លូវយុទ្ធសាស្ត្រ កាលពីសម័យសង្គ្រាមដែរ ក្រោយពីប្រទេសមានសុខសន្តិភាព ក៏មានប្រជាពលរដ្ឋមករស់នៅទីនេះដើម្បីធ្វើកសិកម្មជាច្រើនគ្រួសារ រហូតដល់អ្នកខ្លះ ដោយមើលឃើញពីស្ថានភាពផ្លូវលំតូចពេកក៏រួមគ្នាធ្វើសម្បទានដីម្នាក់បន្តិចៗផងដែរ។

ប្រភពព័ត៌មានដដែលបានបញ្ជាក់ថា៖ ផ្លូវលំមួយខ្សែនេះកាលពីមុនតូចចង្អៀត ប៉ុន្តែក្រោយមកម្ចាស់ដីដែលនៅសងខាងផ្លូវលំនេះបានរួមគ្នាបរិច្ចាគដីបង្កើតជាផ្លូវធំ រហូតដល់មានទទឹង១២ម៉ែត្រ ដោយឈ្មោះ តាំង ប៊ុនហេង សម្បទានដីចំនួន៨ម៉ែត្រ និងឈ្មោះ ផន សុផាន់ សម្បទានដី៤ម៉ែត្រ ព្រមទាំងមានលោក លឹម ឈួន ជាមេឃុំស្តីទី ឃុំសំឡូត បោះត្រាធ្វើជាសាក្សីផងដែរ។ ជាមួយគ្នានេះ ប្រជាពលរដ្ឋក្នុងមូលដ្ឋានខាងលើ សូមសំណូមពរដល់អាជ្ញាធរមូលដ្ឋាននិងអាជ្ញាធរខេត្តបាត់ដំបង មេត្តាជួយធ្វើអន្តរាគមន៍យកកំណាត់ផ្លូវលំមួយខ្សែនេះពីបុគ្គលឈ្មោះ តួ ធាងទឺ ដើម្បីបានជាប្រយោជន៍សាធារណៈក្នុងមូលដ្ឋានរបស់ពួកគាត់វិញផង។

ពាក់ព័ន្ធនឹងករណីនេះដែរ លោក ធីម ព្រឿង មេឃុំសំឡូតបានឱ្យអ្នកយកព័ត៌មានយើងដឹងតាមទូរស័ព្ទកាលពីរសៀលថ្ងៃទី៧ ខែកញ្ញានេះថា៖លោកបានដឹកនាំមន្ត្រីប៉ុស្តិ៍និងអាជ្ញាធរភូមិចុះទៅពិនិត្យរួចរាលហើយ ថាពិតជាមានការកាយដីលើផ្លូវលំសាធារណៈរបស់អ្នកភូមិសំឡូតប្រាកដមែន ហើយចំពោះបញ្ហានេះលោកក៏បានរៀបចំធ្វើរបាយការណ៍បញ្ជូនទៅគណៈអភិបាលស្រុកសំឡូតដើម្បីឱ្យមានវិធានការយុត្តិធម៌សម្រាប់បងប្អូនប្រជាពលរដ្ឋភូមិសំឡូតផងដែរ។ចំណែកលោក តួ ធាងទឺ ដែលយកគ្រឿងចក្រទៅកាយផ្លូវលំរបស់ប្រជាពលរដ្ឋនោះអ្នកយកព័ត៌មានយើងមិនអាចទំនាក់ទំនងសុំការបំភ្លឺបានទេ ដោយសារមិនមានលេខទូរស័ព្ទ សង្ឃឹមថាលោកនឹងធ្វើការបកស្រាយអំពីរឿងនេះពុំខាន៕

...

ដោយ៖ ស សារ៉េត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print