ខេត្តព្រះសីហនុ៖ បេីយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃព្រហស្បតិ៍ទី០៨ ខែកញ្ញា ឆ្នាំ២០២២នេះ បានឱ្យដឹងថា៖ មុខសញ្ញាចោរឆក់ម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ដែលធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋតាមដងផ្លូវយ៉ាងសកម្ម ត្រូវបានបង្ហាញមុខជាសាធារណៈ មុនបញ្ជូនខ្លួនទៅតុលាការខេត្ត ដេីម្បីចាត់ការតាមច្បាប់។
ជនសង្ស័យ មានឈ្មោះ ឈុន អាន ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិ២ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ មុខរបរ មិនពិតប្រាកដ ។
របាយការណ៍ដដែលបន្តថា ដោយមានការដឹកនាំបញ្ជារ ពីសំណាក់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ វេលាម៉ោងប្រហែល ២២និង០០នាទីយប់នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២ អធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ កំពុងជិះម៉ូតូ០១គ្រឿង ម៉ាកសង់ប៉ិច ពណ៌ខ្មៅ ម្នាក់ឯង តាមផ្លូវ ហើយកម្លាំងយើងមានការសង្ស័យ មានភិនភាគដូចមុខសញ្ញាធ្លាប់ធ្វើសកម្មភាពឆក់សម្ភារៈតាមផ្លូវកន្លងមក ទើបកម្លាំងជំនាញធ្វើការឃាត់ខ្លួនជនសង្ស័យយកមកសាកសួរនៅអធិការដ្ឋាន ។
ក្រោយពេលសាកសួរជនសង្ស័យបានសារភាពថា ខ្លួននិងបក្ខពួក ម្នាក់ទៀត ឈ្មោះ យួន (កំពុងរត់គេចខ្លួន) ពិតជាបានធ្វើសកម្មភាពឆក់កាបូប ពីជនរងគ្រោះ នៅចំណុច រង្វង់មូលតោ២ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង០៦និង២០នាទីព្រឹក បានសំរេចប្រាកដមែន ។
បច្ចុប្បន្នជនសង្ស័យ០១នាក់ខាងលើ កំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ចាត់ការតាមនីតិវិធី ៕
ដោយ៖ស តារា