ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៍មានពីក្រសួងបរិស្ថាន បានឱ្យដឹងនៅព្រលប់ថ្ងៃព្រហស្បតិ៍ទី០៨ ខែកញ្ញា ឆ្នាំ២០២២នេះថា៖ អគ្គនាយកដ្ឋានគាំពារបរិស្ថាន នៃក្រសួងបរិស្ថាន បានសហការជាមួយក្រុមហ៊ុនអេកូបាត (Ecobatt) រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពីការគ្រប់គ្រងសំណល់បរិក្ខារអគ្គិសនី និងអេឡិចត្រូនិក ក្រោមអធិបតីភាព ឯកឧត្តម ប៉ាក សុខារ៉ាវុត អគ្គនាយកនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន និងមានអ្នកចូលរួមសរុបប្រមាណ ៥៥ រូប តំណាងអោយវិស័យឯកជនពាក់ព័ន្ធ។
សិក្ខាសាលានេះ បានធ្វេីឡេីងកាលពីថ្ងៃទី៧ ខែកញ្ញាម្សិលមិញនេះ ក្នុងគោលបំណងដើម្បីលើកកម្ពស់ការយល់ដឹងអំពីផលប៉ះពាល់ដល់សុខភាពសាធារណៈ និងបរិស្ថានតាមរយៈការសាយភាយសារធាតុគ្រោះថ្នាក់ដែលមានក្នុងសំណល់បរិក្ខារអគ្គិសនី និងអេឡិចត្រូនិក សំណល់អាគុយ និងសំណល់ថ្មពិល បណ្តាលមកពីការទុកដាក់ ការកែច្នៃ ឬការធ្វើប្រព្រឹត្តកម្មសំណល់ទាំងនេះមិនបានត្រឹមត្រូវ ព្រមទាំងផ្សព្វផ្សាយអំពីលិខិតបទដ្ឋានគតិយុត្តជាធរមានពាក់ព័ន្ធនឹងការគ្រប់គ្រងសំណល់បរិក្ខារអគ្គិសនី និងអេឡិចត្រូនិក សំណល់អាគុយ និងសំណល់ថ្មពិល ដែលបានបញ្ជាក់អំពីកាតព្វកិច្ចរបស់អ្នកបង្កើតសំណល់គ្រោះថ្នាក់ទាំងនេះ និងវិធានការក្នុងការគ្រប់គ្រងសំណល់គ្រោះថ្នាក់ទាំងនោះផងដែរ។
ជាមួយគ្នានោះ សិក្ខាសាលាក៏បានបង្ហាញអំពីបច្ចេកទេសនៃការថែទាំ និងបច្ចេកវិទ្យាមេត្រីភាពបរិស្ថានក្នុងការជួសជុលអាគុយ ឬបង្កើតថាមពលអាគុយឡើងវិញ (Regenerate) ដែលក្រុមហ៊ុនអេកូបាតកំពុងប្រើប្រាស់។ បច្ចេកវិទ្យាមេត្រីភាពបរិស្ថាននេះអាចជួយកាត់បន្ថយការចំណាយរបស់អតិថិជន និងកាត់បន្ថយការសាយភាយសារធាតុគ្រោះថ្នាក់ចូលក្នុងបរិស្ថានតាមរយៈការកាត់បន្ថយការបង្កើតសំណល់អាគុយ ដែលចូលរួមក្នុងកិច្ចគាំពារបរិស្ថាន និងសុខភាពសាធារណៈ។
ទន្ទឹមនេះ សិក្ខាសាលាក៏បានផ្សព្វផ្សាយអំពីការអនុវត្តគម្រោងប្រមូលសំណល់ថ្មពិលរបស់ក្រសួងបរិស្ថាន ដោយការធុងប្រមូលសំណល់ថ្មពិលនៅតាមស្ថាប័នសាធារណៈ និងឯកជន ផ្សារទំនើប បុរី ស្ថានីយប្រេងឥន្ធនៈ គ្រឹះស្ថានសិក្សា ឱសថស្ថាន និងភោជនីយដ្ឋាន ជាអាទិ៍។ មកដល់បច្ចុប្បន្ន គម្រោងបានធ្វើការដាក់ធុងប្រមូលសំណល់ថ្មពិលបានចំនួន ១០៣ ធុង នៅទីតាំងចំនួន ៩៧ ទីតាំង ទូទាំងព្រះរាជាណាចក្រកម្ពុជា និងបានប្រមូលសំណល់ថ្មពិលប្រមាណ ៨៦៦ គីឡូក្រាម។ ជាជំហានបន្ត ក្រសួងនឹងមានគម្រោងរៀបចំដាក់ធុងប្រមូលសំណល់បរិក្ខារអគ្គិសនី និងអេឡិចត្រូនិកនៅតាមទីតាំងមួយចំនួននៅរាជធានីភ្នំពេញ៕ដោយ៖សហការី