ភ្នំពេញ ៖ បុរសម្នាក់ជាជនជាតិចិន បានបើករថយន្តស៊េរីទំនើបម៉ាក Lexus LS460L បត់ឆ្លងស្ទុបយ៉ាងលឿនជ្រុលទៅបុកបង្គោលបង្ហាញចរាចរណ៍ និងដើមឈើ បណ្ដាលឲ្យរថយន្តបង្កវិលក្បាលត្រឡប់ក្រោយរងការខូចខាត កាលពីវេលាម៉ោង៨ និង៤០នាទីយប់ ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ នៅត្រង់ចំណុចស្ទុបពេទ្យចិន តាមបណ្ដោយផ្លូវព្រះសីហនុ កែងផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍ខាងលើបានប្រាប់ឲ្យដឹងថា នៅពេលកើតហេតុ រថយន្តបង្កម៉ាក Lexus LS460L ពណ៌ស ពាក់ផ្លាកលេខ ខេមរភូមិន្ទ 02. 2-3394 ដែលបើកបរដោយបុរសម្នាក់ជាជនជាតិចិន ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីវង្ស ទិសដៅពីត្បូងមកជើង ខណៈមកដល់ស្ទុបត្រង់ចំណុចកើតហេតុ ក៏បន្ថែមល្បឿនឆ្ពុះទៅទិសខាងលិចមកផ្លូវព្រះសីហនុ តែបួងចង្កូតមិនទាន់ជ្រុលបុកបង្គោលបង្ហាញចរាចរណ៍បាក់អស់មួយដើម និងដើមឈើដ៏ធំនៅជាប់គ្នា បណ្ដាលឲ្យរថយន្តបង្កវិលមួយជុំ ក្បាលរថយន្តត្រឡប់ក្រោយវិញរងការខូចខាតយ៉ាងដំណំ សំណាងល្អក្នុងហេតុការណ៍នេះមិនធ្វើឲ្យតៃកុង និងបងប្អូនប្រជាពលរដ្ឋរងរបួស ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ សហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌ៧មករា ធ្វើការវាស់វែងយករថយន្តបង្ក និងនាំតៃកុងរថយន្ត ទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមច្បាប់ ៕ ដោយ ៖ ភារ៉ា ដង្កោ