ខេត្តស្ទឹងត្រែង៖ សិស្សសាលាអនុវិទ្យាល័យសេសានប្រមាណ១០នាក់បានទន់ដៃទន់ជើងជាបន្តបន្ទាប់ ហើយបានរវើ រវាយស្រែកយំមិនដឹងពីមូលហេតុ នៅព្រលប់ថ្ងៃទី៩ ខែកញ្ញា និងត្រូវបានក្រុមគ្រួសារយកទៅមណ្ឌលសុខភាពពិនិត្យនិងខ្លះយកទៅវត្តដើម្បីឲ្យលោកប្រោសព្រំបណ្ដេញឧបចង្រៃ។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីល្ងាចថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ នៅអនុវិទ្យាល័យសេសានស្ថិតក្នុងភូមិកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង។
បើតាមប្រភពព័ត៌មានពីអនុវិទ្យាល័យសេសានបានឲ្យដឹងថា នៅពេលល្ងាចសិស្សានុសិស្សថ្នាក់ទី៨ នៃអនុវិទ្យាល័យសេសានកំពុងតែរៀនសុខៗខ្លះស្រាប់តែដួលសន្លប់ ខ្លះទៀតទន់ដៃទន់ជើង និងខ្លះទៀត រវើ រវាយយំស្រែកថា មានខ្មោចមកយក។
ប្រភពបានបន្តឲ្យដឹងទៀតថា ក្រោយកើតហេតុសិស្សចំនួន១០នាក់ ត្រូវបានលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សនាំគ្នាបញ្ជូនទៅកាន់មណ្ឌលសុខភាពពិនិត្យមើលឈាមជាតិស្ករនិងដាក់អុកស៊ីហ្សែនមានសភាពធម្មតា តែជនរងគ្រោះចេះតែស្រែកថាខ្មោចមកយកហើយខ្មោចមកយកហើយ។
បច្ចុប្បន្នសិស្សានុសិស្សទាំង១០នាក់មួយចំនួនកំពុងសម្រាកពិនិត្យនៅមណ្ឌលសុខភាព និងមួយចំនួនទៀត បានយកទៅកាន់វត្តកំភុន ដើម្បីឲ្យព្រះសង្ឃធ្វើការប្រោសព្រំបណ្ដេញឧបទ្រពចង្រៃ ដោយសារសិស្សទាំងនោះ ចេះតែស្រែកថាខ្មោចមកយកហើយៗ។
ពាក់ព័ន្ធក្នុងករណីខាងលើនេះ គ្រូពេទ្យមណ្ឌលសុខភាពស្រុកសេសានថានៅថ្ងៃទី១០នេះ ក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្តស្ទឹងតែងនឹងចុះទៅពិនិត្យមើលនៅសាលាដើម្បីឲ្យដឹងថាតើមានមូលហេតុអ្វីឲ្យពិតប្រាកដនោះ៕
ដោយ៖ សូរិយា