ខេត្តសៀមរាប៖ បេីយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឱ្យដឹងថា កម្លាំងជំនាញខេត្តសៀមរាប នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ បានបញ្ជូនខ្លួនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តសៀមរាប ករណី រក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដេីម្បីចាត់ការតាមច្បាប់។
ជនសង្ស័យម្នាក់ឈ្មោះ គីន ឡោះ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន មានទីលំនៅ ភូមិលលៃ ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប (មានសារធាតុញៀននៅក្នុងខ្លួន) ។
យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្ត បានឱ្យដឹងទៀតថា កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង០៧:០០នាទី កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនបានចូលរួមសហការជាមួយកម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង ចុះបង្ក្រាបបទ ដឹកជញ្ជូន ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចលើដងផ្លូវស្ថិតនៅភូមិអន្លង់ពីរ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប និងឃាត់ខ្លួនជនសង្ស័យម្នាក់ រួមនិងគ្រឿងញៀនជាក់ស្ដែង។
វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន ៖ ម្សៅមេតំហ្វេតាមីនចំនួន ០២កញ្ចប់ ស្មើនឹងទម្ងន់២០.៤២ក្រាម(ទម្ងន់សុទ្ធ) និងទូរស័ព្ទដៃចំនួន០១គ្រឿង។
បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងគ្រឿងញៀន ត្រូវកម្លាំងសមត្ថកិច្ចជំនាញ បានបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ដេីម្បីបន្តនីតិវិធី៕
ដោយ៖សហការី