ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់រួមដំណើរជាមួយបុរសស្ត្រីពីរនាក់ទៀត បើករថយន្តស៊េរីទំនើបម៉ាកALPHARD មួយគ្រឿងបានជ្រុលទៅបុករថយន្តសាំយ៉ុងពីចំហៀងនៅត្រង់ចំណុចផ្លូវបំបែកជាបួនយ៉ាងពេញទំហឹងបណ្ដាលឱ្យរថយន្តសាំយ៉ុងជ្រុលចង្កូតទៅបុកចូលផ្ទះប្រជាពលរដ្ឋរងការខូចខាត ចំណែករថយន្តក៏រងការខូចខាតរៀងៗខ្លួនយ៉ាងដំណំដែរ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ ២០២២ នៅត្រង់ចំណុចផ្លូវបំបែកជាបួន តាមបណ្ដោយផ្លូវលេខ៣៨៨ កែងនឹងផ្លូវលេខ២០៥ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសជនជាតិចិនម្នាក់រួមដំណើរជាមួយបុរសស្ត្រីពីរនាក់ទៀតបើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកALPHARD ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BJ-5789 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៣៨៨ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ផ្លូវបំបែកជាបួនកែងនឹងផ្លូវលេខ២០៥ ក៏ជ្រុលទៅបុកជាមួយនឹងរថយន្តសាំយ៉ុងមួយគ្រឿងពណ៌ស្ករ ពាក់ស្លាកលេខកណ្តាល2A-7847 បើកបរដោយបុរសម្នាក់រួមដំណើរជាមួយនឹងស្ត្រីពីរនាក់ទៀតបើកតាមបណ្ដោយផ្លូវលេខ២០៥ក្នុងទិសដៅពីលិចទៅកើតចំពីចំហៀងខាងមុខខាងឆ្វេងពេញទំហឹងបណ្ដាលឱ្យរថយន្តទាំងពីរគ្រឿងបោកផ្ទប់នឹងគ្នា រួចរថយន្តសាំយ៉ុងក៏ជ្រុលទៅបុកចូលផ្ទះប្រជាពលរដ្ឋរងការខូចខាត ចំណែករថយន្តទាំងពីរគ្រឿងក៏រងការខូចខាតរៀងៗខ្លួនយ៉ាងដំណំដែរ។ ភ្លាមៗនោះគេឃើញភាគីទាំងសងខាងបានប្រកែកគ្នាយកត្រូវរៀងខ្លួន។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាតាមច្បាប់៕
ដោយ ៖ ភារ៉ា ដង្កោ