កិច្ចប្រជុំកំណត់ប្រាក់ឈ្មួលកម្មករ​ នឹង​បន្ត​ជុំ​ទី ៤ នៅថ្ងៃទី១៣ខែកញ្ញា

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២នេះបើមិនមាន ការប្រែប្រួលទេ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នឹងបន្តប្រជុំពិភាក្សាអំពីប្រាក់ឈ្នួលអប្បបរមា ជូនបង ប្អូនកម្មករនិយោជិតក្នុងវិស័យ​វាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ២០២៣ នៅវេលាម៉ោង ២និង ៣០នាទីរសៀល នៅសាល B ទីស្តីការក្រសួងការងារ។

ប្រជុំនៅរសៀលថ្ងៃថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២នេះគឺជាកិច្ចប្រជុំលើកទី៤ខណៈកិច្ចប្រជុំលើកទី ៣ កាលពីថ្ងៃទី ៣១សីហាឆ្នាំ២០២២ រាជរដ្ឋាភិបាលបានគណនាឃើញ ថា តួលេខប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ​ ២០២៣ គឺ ១៩៧,៨៦ ដុល្លារអាមេរិក ខណៈភាគី​និយោជកបានតម្លើងតួលេខពី ១៩៤ ដល់ ១៩៦ដុល្លារ និងភាគីកម្មករនិយោជិតបានបន្ថយតួលេខពី ២១៥ មកនៅត្រឹមតែ ២១៣ ដុល្លារ។ នៅក្នុងកិច្ចប្រជុំនាថ្ងៃស្អែកនេះគេរំពឹងថាតួលេខអាចនឹងកើនឡើងបន្តិចទៀតដើម្បីបំពេញសេចក្តីត្រូវការរបស់បងប្អូនកម្មករកម្មការិនី។

លោក ហេង សួរ អ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ,ប្រធានលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបានមានប្រសាសន៍ថា ភាគីនីមួយៗ​បានឯកភាពគ្នានឹងបន្តកិច្ចប្រជុំនៅថ្ងៃទី ១៣ កញ្ញា និងថ្ងៃទី២១ កញ្ញា ដែលជាកិច្ចប្រជុំចុងក្រោយ។

លោករដ្ឋលេខាធិការបានបន្តថា ប្រជុំថ្ងៃទី១៣ កញ្ញានេះ ភាគី​រាជរដ្ឋាភិបាលនឹងមានសំណូមពរផ្សេងៗពីភាគីនិយោជកនិងភាគីតំណាងកម្មករនិយោជិត ហើយបើក្នុងករណីភាគីទាំង ៣ មានការឯកភាពគ្នានូវតួលេខរួមគ្នាមួយនោះនឹងបញ្ចប់តែម្តង។ ប៉ុន្តែបើមិន​ព្រមព្រៀងគ្នាទេ នឹងត្រូវបន្តទៅថ្ងៃទី២១កញ្ញា ដែលមានការចូល រួមពីលោកបណ្ឌិត អ៊ិត សំហេង ប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្មួលអប្បបរមា ហើយនឹងសួរភាគីទាំង៣សម្រេចយកតួលេខរួមគ្នា បើមិនមានការឯកភាពទេត្រូវបោះឆ្នោត ដើម្បីជ្រើសរើសយកតួលេខមួយដាក់ជូនប្រមុខរដ្ឋាភិបាលជាអ្នកសម្រេច។

គួរបញ្ជាក់ថាសម្រាប់ប្រាក់ឈ្មួលអប្បបរមាកម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើងនិងផលិតផលិតផលធ្វើដំណើរ និងកាបូបសម្រាប់ឆ្នាំ២០២២ទទួលបាន១៩៤ដុល្លារក្នុង១ខែដោយមិនគិតពីប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀតទេ៕

...

ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print