អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងអំពូលភ្លើង មួយកន្លែងនៅខណ្ឌសែនសុខ​ ខណៈ​សមត្ថកិច្ច​ប្រើប្រាស់រថយន្តអន្លត់អគ្គិភ័យជិត៦០គ្រឿង

ចែករំលែក៖

ភ្នំពេញ៖ បេីយោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ពន្លត់​អគ្គិភ័យ​នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ នៅព្រឹកថ្ងៃ​ចន្ទ​ទី​១២​ ខែកញ្ញា​ ឆ្នាំ​២០២២នេះ​បានឱ្យដឹងថា​ អគ្គិភ័យមួយបានឆាបឆេះផ្ទះស្តុកអំពូលភ្លើង LED មួយកន្លែង ក្នុងនោះបានបំផ្លាញសម្ភារអស់ទាំងស្រុង។

ហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១១និង៥០នាទីយប់ថ្ងៃទី១១ ខែកញ្ញាម្សិលមិញនេះ​ ដែលស្ថិតនៅត្រង់ចំណុចផ្ទះលេខ១៥៣០ តាមបណ្តោយផ្លូវទ្រុងមាន់ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយ ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ដឹងថា ដោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា មានអគ្គិភ័យកំពុងឆាបឆេះផ្ទះស្តុកអំពូលភ្លើង LED មួយកន្លែង ភ្លាមៗនោះ លោកក៏បានបញ្ជាឱ្យរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញគ្រប់គោលដៅទាំងអស់ចេញទៅជួយធ្វើអន្តរាគមន៍ផងដែរ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបន្តថា ដោយនៅក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញរបស់យើងលំបាកក្នុងការជួយអន្តរាគមន៍ឱ្យទាន់ពេលវេលា ដោយសារតែទីតាំងខាងលើផ្លូវចូលមានការតូចចង្អៀត ជាហេតុពិបាកក្នុងការឱ្យរថយន្តពន្លត់អគ្គិភ័យធ្វើអន្តរាគមន៍ ហើយអណ្ដាតភ្លើងឆាបឆេះលឿនយ៉ាងសន្ធោសន្ធៅ។ តែទោះបីជាយ៉ាងណាក៏កម្លាំងជំនាញនៅតែប្រឹងប្រែងជួយអន្តរាគមន៍ជានិច្ច ដើម្បីកុំឲ្យមានមារឆ្លងរាលដាលដល់ផ្ទះផ្សេងទៀតរបស់បងប្អូនប្រជាពលរដ្ឋ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន ក៏បានបញ្ជាក់ថា ដោយនៅក្នុងរង្វង់ប្រតិបត្តិការនេះ គឺកម្លាំងសមត្ថកិច្ចរបស់យើងបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ក្នុងនោះរួមមានរថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន១៨គ្រឿង ប្រើប្រាស់ទឹកអស់ ៥៤ឡានស្មើនឹង២៣៦ម៉ែត្រគូប និងរថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់២ឡាន ស្មើនឹង១២ម៉ែត្រគូប ទើបបាញ់ពន្លត់ជាស្ថាពរនៅវេលាម៉ោង១និង៣៥នាទីយប់រំលងអធ្រាត្រនាថ្ងៃទី១២ ខែកញ្ញា ឆ្នាំដដែល។

លោកវរសេនីយ៍ឯកបានបញ្ជាក់ថា ចំពោះករណីគ្រោះអគ្គិភ័យខាងលើនេះ បានឆាបឆេះផ្ទះស្តុកអំពូលភ្លើង LED និងសម្ភារខូចខាតអស់ទាំងស្រុង ដែលមានទំហំ (៥ម៉ែត្រ x ១៤ម៉ែត្រ) សាងសង់អំពីថ្មបេតុង ។ ចំពោះមូលហេតុដែលបណ្តាលឲ្យកើតមានគ្រោះអគ្គិភ័យខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញកំពុងតែធ្វើការស្រាវជ្រាវ។
សូមបញ្ជាក់ផងដែរថា ចំពោះប្រតិបត្តិការពន្លត់អគ្គិភ័យខាងលើនេះ បានបណ្តាលឱ្យលោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានដួលក្នុងពេលជួយសង្គ្រោះប្រជាពលរដ្ឋ ដោយសារតែស្រូបផ្សែងពុលនៃអគ្គិភ័យ ដែលបានឆាបឆេះផ្ទះស្តុកអំពូលភ្លើង LED ជាប្រភេទសូឡា បណ្តាលឱ្យចេញសារធាតុពុលមកខាងក្រៅ និងបានធ្វើឱ្យមន្ត្រីជំនាញមួយចំនួនទៀតឈ្លក់ផ្សែងពុលនោះ បើទោះបីជាបានប្រើប្រាស់នូវបំពង់ខ្យល់អុកស៊ីសែន ដែលហៅកាត់ថា (SCBA) ក៏ដោយ។ ក្រោយពីលោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបានដួលនៅក្នុងពេលប្រតិបត្តិការនោះ ក្រុមមន្ត្រីជំនាញបានជួយសង្គ្រោះយកចេញពីខាងក្នុងមកដាក់នៅខាងក្រៅ និងបានទាក់ទងទៅរថយន្តសង្គ្រោះបន្ទាន់មកធ្វើការជួយសង្គ្រោះ ដើម្បីយកទៅកាន់មន្ទីរពេទ្យផងដែរ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print