ភ្នំពេញ : សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដាក់កម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះមហាក្សត្រិយ៍អេលីហ្សាបេតទី២ នៃចក្រភពអង់គ្លេស ដែលបានសោយព្រះទិវង្គត កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ ក្នុងព្រះជន្ម៩៦ព្រះវស្សា នៅស្ថានឯកអគ្គរាជទូតនៃចក្រភពអង់គ្លេស ប្រចាំកម្ពុជា ស្ថិតក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២។
សូមបញ្ជាក់ថា, ព្រះមហាក្សត្រិយ៍អង់គ្លេស អេលីហ្សាបិត ទី២ សោយទិវង្គត ក្នុងព្រះជន្មាយុ ៩៦ព្រះវស្សា ។
ព្រះមហាក្សត្រិយ៍ អេលីហ្សាបិត ទី២ (១៩២៦-២០២២)
ព្រះមហាក្សត្រិយ៍ អេលីហ្សាបិត ទី២ (Elizabeth II) ដែលគ្រងរាជ្យបានយូរជាងគេបង្អស់ នៅក្នុងប្រវត្តិសាស្រ្តអង់គ្លេស បានសោយទិវង្គត នៅថ្ងៃព្រហស្បតិ៍ ទី៨ ខែកញ្ញា ឆ្នាំ២០២២ នៅក្នុងព្រះជន្មាយុ ៩៦ព្រះវស្សា។ ក្រោយការសោយទិវង្គត របស់ព្រះមហាក្សត្រិយ៍ អេលីហ្សាបិត ទី២ ព្រះអង្គម្ចាស់ ឆាលស៍ ដែលជាបុត្រាច្បង គឺជាអ្នកឡើងស្នងរាជ្យ ហើយបានក្លាយជាព្រះមហាក្សត្រ ឆាលស៍ ទី៣ (Charles III)។ នៅក្នុងរយៈពេល ៧០ឆ្នាំ នៃការគ្រងរាជសម្បត្តិ ដែលជារយៈពេលយូរជាងគេបំផុត នៅក្នុងប្រវត្តិសាស្ត្រអង់គ្លេស ព្រះមហាក្សត្រិយ៍ អេលីហ្សាបិត ទី២ គឺជាជន្ទល់ដ៏រឹងមាំមួយ នៃរបបរាជានិយមអង់គ្លេស ឆ្លងកាត់ទាំងស្ថិរភាព និងអស្ថិរភាព នៃនយោបាយអង់គ្លេសនិងពិភពលោក។ ជាជោគជ័យមួយដ៏គួរឲ្យកត់សម្គាល់ សម្រាប់ព្រះមហាក្សត្រិយ៍ ដែល កាលពីដំបូងឡើយ មិនមានអ្នកណានឹកស្មានថា អាចនឹងមានជោគវាសនាបានឡើងគ្រងរាជបល្ល័ង្ក ៕
ដោយ : សហការី