សម្តេចតេជោបញ្ជាក់ថា ទោះជា ហ៊ុន ម៉ាណែត ជាកូននរណា ក៏ខ្ញុំគាំទ្រ ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីអនាគតដែរ

ចែករំលែក៖

ខេត្តសៀមរាប៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ទោះបីជាលោកហ៊ុន ម៉ាណែត ជាកូនអ្នកណាក៏ដោយក៏សម្តេចគាំទ្រឲ្យធ្វើជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគតដែរ ពីព្រោះថា លោកហ៊ុន ម៉ាណែត ជាមនុស្សមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សមនឹងធ្វើជាអ្នកដឹកនាំប្រទេស និងសមជាអ្នកដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។

ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បែបនេះគឺជាការឆ្លើយតបបន្ទាប់ពីក្រុមអ្នកវិភាគច្រំដែលៗមួយចំនួន ដែលបានលើកឡើងម្តងហើយម្តងទៀតថា ការដាក់លោកហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីនាពេលខាងមុខ គឺជាបក្សពួកនិយម និងលើកបន្ទុកដល់កូនខ្លួនឯងនោះ។

សម្តេចតេជោ ហ៊ុន សែន ប្រកាសពីលក្ខណៈ នៃភាពជាអ្នកដឹកនាំរបស់លោក ហ៊ុន ម៉ាណែត ដែលជាបេក្ខភាពនាយករដ្ឋមន្ត្រីអនាគត សម្រាប់កម្ពុជា។ សម្តេចបញ្ជាក់ថា «វាខុសត្រង់ហ៊ុន ម៉ាណែត ជាកូននាយករដ្ឋមន្ត្រី, ទោះជា ហ៊ុន ម៉ាណែត ជាកូន ជា សុផារ៉ា ឬកូន ចម ប្រសិទ្ធ ក៏ខ្ញុំគាំទ្រ ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីអនាគត សម្រាប់គណបក្សប្រជាជនកម្ពុជាដែរ»។

ថ្លែងនៅក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជា មួយប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ស្ថិតនៅឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្ត សៀមរាប នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បើលោកហ៊ុន ម៉ាណែត គ្មានសមត្ថភាព និងគ្មានភាពជាអ្នកដឹកនាំទេនោះ ក៏សម្តេចមិនគាំទ្រឲ្យដឹកនាំដែរ ពីព្រោះថាសម្តេចមិនអនុញ្ញាតឱ្យនរណាម្នាក់ មកបំផ្លាញគណបក្សប្រជា ជនកម្ពុជា និងរាជរដ្ឋាភិបាលនោះទេ ខណៈគណបក្ស ប្រជាជនកម្ពុជាបានដឹកនាំប្រទេសឲ្យមានសុខសន្តិភាព និងការអភិវឌ្ឍរហូតដល់សព្វថ្ងៃ។

បច្ចុប្បន លោក ហ៊ុន ម៉ាណែត មានអាយុ៤៤ឆ្នាំ។លោក គឺជាជនជាតិខ្មែរដំបូងដែលបញ្ចប់ការសិក្សានៅឯបណ្ឌិត សភាយោធា West Point របស់សហរដ្ឋ អាមេរិក និងជាបណ្ឌិតសេដ្ឋកិច្ចនៃសកលវិទ្យាល័យ Bristol របស់ចក្រភពអង់គ្លេសផងដែរ។ បច្ចុប្បន្នលោក ហ៊ុន ម៉ាណែត មានឋារន្តរស័ក្កិជាឧត្តមសេនីយ៍ ឯកផ្កាយ៣ កាន់តួនាទីជាអគ្គមេបញ្ជារងទ័ព និងជាមេបញ្ជាការកងទ័ពជើងគោកនៃកងយុទ្ធពលខេមរភូមិន្ទ។

លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់សម្តេចតេជោហ៊ុន សែន កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅត្រូវបានសន្និបាតគណៈកម្មាធិការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជា បានបោះឆ្នោតជ្រើសតាំងជាបេក្ខជននាយករដ្ឋមន្ត្រី។ ការបោះឆ្នោតជ្រើសតាំងលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយកររដ្ឋមន្រ្តីបន្តវេនពីសម្តេចតេជោនេះ គឺមានសមាជិក-សមាជិកា គណៈកម្មាធិការកណ្តាលចំនួន៧៧៥នាក់៕

...

ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print