ខេត្តព្រះសីហនុ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងជំរុញឱ្យរដ្ឋបាលខេត្ត និងគ្រប់ភាគីពាក់ព័ន្ធក្នុងខេត្តព្រះសីហនុ បន្តការខិតខំប្រឹងប្រែងបង្ក្រាបគ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស ដោយប្រកាន់យកគោលការណ៍ចំនួន៣ក្នុងកិច្ចប្រតិបត្តិការ គឺសង្គ្រោះជនរងគ្រោះ, បង្ក្រាបទីតាំងប្រព្រឹត្តបទល្មើស និងចាប់ខ្លួនជនល្មើស បណ្ដាញ និងមេខ្លោងពាក់ព័ន្ធមកផ្ដន្ទាទោសទៅតាមច្បាប់ ដើម្បីពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម ព្រមទាំងកិត្តិយសជាតិ។ ការថ្លែងបែបនេះរបស់សម្ដេចក្រឡាហោម ស ខេង ក្នុងខណៈដែលសម្តេចអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ម្សិលមិញនេះ នៅឯខេត្តព្រះសីហនុ។
សូមជម្រាបថា ក្នុងកិច្ចប្រជុំនេះដែរក៏មានការអញ្ជើញចូលរួមពីលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក លោកស្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ,លោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន , នាយឧត្តមសេនីយ៍ សៅ សុខា , លោកឧត្តមសេនីយ៍ ថ្នាក់ដឹកនាំរដ្ឋបាលខេត្តព្រះសីហនុ និងមន្រ្តីជាន់ខ្ពស់មួយចំនួនទៀត។
ក្នុងឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា កិច្ចប្រជុំនាថ្ងៃនេះជាផ្នែកមួយនៃការជួយគាំទ្របន្ថែមទៀតដល់ការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សក្នុងខេត្តព្រះសីហនុដែលមានការប្រឈមទៅនឹងបទល្មើសប្រភេទនេះ។ សម្ដេចក៏បានរម្លឹកជាថ្មីទៀតអំពីការប្ដេជ្ញាចិត្តរបស់កម្ពុជាក្នុងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ពិសេសអនុសាសន៍ជំរុញណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
សម្ដេចក្រឡាហោមបានបន្តថា កាលពីពេលថ្មីៗនេះ ក្រសួងបានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយផែនការកិច្ចប្រតិបត្តិការលើការងារនេះ ហើយក្នុងឋានៈជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជូរមនុស្ស សម្ដេចក៏បានអំពាវនាវឱ្យមានការគាំទ្រនិងចូលរួមក្នុងការងារនេះ ដោយបានផ្ដល់បណ្ដាញនិងលេខទូរស័ព្ទទំនាក់ទំនងរាយការណ៍អំពីករណីនេះ។
សម្ដេចបានឱ្យដឹងទៀតថា រហូតមកដល់ពេលនេះក្រសួងបានទទួលបណ្ដឹង និងការរាយការណ៍ចំនួន១៨៦ករណី។
ក្នុងឱកាសនោះដែរ លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានរាយការណ៍ជូនសម្ដេចក្រឡាហោម និងអង្គប្រជុំអំពីវឌ្ឍនភាពនៃការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅខេត្តព្រះសីហនុ ក្រោមកិច្ចប្រតិបត្តិការរបស់កម្លាំងនគរបាលជាតិ និងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងនោះរួមទាំងលទ្ធផលនៃកិច្ចប្រតិបត្តិការក្រោយពីមានការដាក់ចេញផែនការដោយសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការជាតិ៕
ដោយ៖ស តារា