នៅថ្ងៃទី១៤ខែកញ្ញា តុលាការធម្មនុញ្ញថៃបានប្រកាសថា នឹងចេញសេចក្តីសម្រេចពីអាណត្តិរបស់នាយករដ្ឋមន្ត្រីនៅថ្ងៃទី៣០ខែកញ្ញា ថាតើលោកប្រយុទ្ធ ចាន់អូចា ដល់កំណត់អាណត្តិ៨ឆ្នាំហើយឬនៅ ?
លោកប្រាយុទ្ធ ចាន់អូចា ឡើងកាន់អំណាចដឹកនាំប្រទេសនៅឆ្នាំ២០១៤ ហើយលោកត្រូវបានតុលាការធម្មនុញ្ញព្យួរការងារ ក្រោយគណបក្សភឿថៃដាក់លិខិត តវ៉ាថា លោកប្រាយុទ្ធកាន់អំណាចគ្រប់ចំនួន ៨ ឆ្នាំហើយ។
លោកប្រាយុទ្ធ អាយុ៦៨ឆ្នាំ មិនមានប្រតិកម្មអ្វីជុំវិញបញ្ហាទាំងនោះឡើយ ដោយលោកបានបញ្ជាក់ថា នឹងគោរពសេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញ។ ប៉ុន្តែក្រុមអ្នកគាំទ្របានបញ្ជាក់ថា អាណត្តិរបស់នាយករដ្ឋមន្ត្រីប្រាយុទ្ធ ចាន់អូចាគិតចាប់ពីឆ្នាំ២០១៧ ក្នុងពេលច្បាប់រដ្ឋធ្មនុញ្ញថ្មីមានប្រសិទ្ធភាព ឬឆ្នាំ២០១៩ ក្រោយការបោះឆ្នោតសភា ។ អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Anucha Burapachaisri បានបញ្ជាក់ថា ការសម្រេចរបស់តុលាការនឹងធ្វើឱ្យស្ថានភាពកាន់តែច្បាស់។ លោក Anucha Burapachaisri ក៏បានអំពាវនាវដល់ពលរដ្ឋគាំទ្ររង់ចាំលទ្ធផលរបស់តុលាការ។
តាមលទ្ធផលនៃការស្ទង់មតិ បង្ហញឱ្យឃើញថា មានពលរដ្ឋ២/៣ចង់ឱ្យលោកប្រាយុទ្ធ ចាន់អូចា បញ្ចប់អាណត្តិ និងពលរដ្ឋ១/៣ រង់ចាំការសម្រេចរបស់តុលាការ៕ ដោយធីរីណា
រូបថត :Reuters