ខេត្តព្រះសីហនុ៖ អណ្ដើកហ្លួងជាប្រភេទអណ្ដើកដែលកម្រចិត្តផុតពូជនៅក្នុងប្រទេសកម្ពុជា។ បច្ចុប្បន្នអណ្ដើកហ្លួងមានតែនៅក្នុងតំបន់ខ្លះនៅស្រុកស្រែអំបិលគឺខេត្ត កោះកុងនិងស្រុកកំពង់សិលាខេត្តព្រះសីហនុ។ អាជ្ញាធរដូចជាបានយកចិត្តទុកដាក់ចំពោះបញ្ហានេះដែរប៉ុន្តែបញ្ហាជម្រករបស់សត្វអណ្ដើកហ្លួងហាក់ដូចជាកាន់តែបាត់បង់។
យោងតាមរបាយការណ៍ដែអង្គភាពយើងទទួលបានពីអាជ្ញាធរស្រុកកំពង់សីលាខេត្តព្រះសីហនុនៅព្រឹកថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០២២នេះនៅឯស្រុកកំពង់សិលាកាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ ពេលរសៀលប្រជាពលរដ្ឋឈ្មោះពេជ្រ សាវី ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ បានប្រទះឃើញអណ្ដើកហ្លួង១ក្បាល ទំងន់១១,៥គីឡូ ក្រាមដែលជាប់បង្កៃរបស់គាត់ហើយក៏រាយការណ៍មកប៉ុស្ដិ៍នគរបាលរដ្ឋបាលអូរបាក់រទេះ និងនាយសង្កាត់រដ្ឋបាលព្រៃឈើកំពង់សីលា ហើយក៏បានរាយការណ៍បន្តមកលោក ឆាយ សុគន្ធដា អភិបាលស្រុក។
បន្ទាប់មកលោកអភិបាលស្រុកកំពុងសិលា ក៏ចុះ ទៅ ដល់ទីតាំងផ្ទាល់ភ្លាមៗហើយបានជួបសំណេះ សំណាល ជាមួយប្រជាពលរដ្ឋ ដែលបានចូលរួមថែរក្សា ការពារ អភិរក្សសត្វកម្រមួយនេះ។ លោកឆាយ សុគន្ធដា អភិបាលស្រុកបានឧបត្ថម្ភជូនប្រាក់២០មុឺនរៀល ដល់ប្រជាពលរដ្ឋ ឈ្មោះពេជ្រ សាវី ដើម្បីជាគំរូដល់ប្រជាពលរដ្ឋដទៃទៀតសូមកុំសម្លាប់សត្វអណ្ដើកហ្លួងប្រភេទនេះពីព្រោះវាជាសត្វកម្រ។
បន្ទាប់មកលោកអភិបាលស្រុក ក៏បាននាំយកអណ្ដើកនេះ មកលែងក្នុងព្រែកក្អោង ស្ថិតនៅភូមិសម្ដេចតា ឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ដែលជាកន្លែងជម្រករបស់សត្វអណ្ដើតហ្លួងនេះ៕
ដោយ៖ចន្ទ លីហ្សា