ឈាមស្រែកស្បែកហៅ! រយៈពេល២ថ្ងៃជនសង្ស័យជាឃាតករំលោភសម្លាប់យុវតីនៅជើងភ្នំហាន់ជ័យត្រូវនគរបាលព្រហ្មទណ្ឌខេត្តកំពង់ចាមតាមប្រមាញ់ចាប់ខ្លួនបាននៅខេត្តក្រចេះ
ខេត្តកំពង់ចាម ៖ ក្រោយកិច្ចប្រតិបត្តិការស្រាវជ្រាវបង្រ្កាបករណីឃាតកម្ម កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ ២០២២ នៅចំណុចខាងក្រោយវត្តភ្នំជ័យគិរី(ភ្នំហាន់ជ័យ) ស្ថិតក្នុងភូមិហាន់ជ័យ ឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាមមក ជនសង្ស័យជាឃាតកត្រូវបានសមត្ថកិច្ចផែននគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម តាមប្រមាញ់ចាប់ខ្លួនបាននៅលើទឹកដីខេត្តក្រចេះកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង០៩និង២៣នាទី។
ជនសង្ស័យជាឃាតកឈ្មោះ គា សុគុន ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិខែលជ័យ ឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម (ត្រូវជាសង្សាររបស់ជនរងគ្រោះ) ។
ចំណែកជនរងគ្រោះឈ្មោះ ស្ដើង សុខជី ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកកក់ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាមបានឱ្យដឹងថា នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង២០និង០០នាទី សមត្ថកិច្ចយើងបានទទួលព័ត៌មានថា មានមនុស្សស្លាប់នៅចំណុចខាងក្រោយវត្តភ្នំជ័យគិរី(ភ្នំហាន់ជ័យ) ចម្ងាយប្រមាណ៣០០ម៉ែត្រពីភ្នំ ស្ថិតក្នុងភូមិហាន់ជ័យ ឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។ ក្រោយទទួលព័ត៌មាន និងដោយមានការយកចិត្តទុកដាក់
និងចង្អុលដឹកនាំដ៏ខ្ពង់ខ្ពស់ពីលោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ,លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់តាំងកម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកកំពង់សៀម ដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌចុះដល់កន្លែងកើត ហេតុ ធ្វើការស្រាវជ្រាវស៊ើបអង្កេត
រហូតទទួលបានលទ្ធផលដូចខាងក្រោម៖
-នៅទីតាំងកើតហេតុសមត្ថកិច្ចបានពិនិត្យឃើញមានសាកសពដែលមានអត្តសញ្ញាណ ឈ្មោះ ស្ដើង សុខជី ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកកក់ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដែលត្រូវបានគេលើកស្រង់ចេញពីក្នុងទឹករណ្ដៅដីដែលមានជម្រៅប្រមាណជា១៥០សង់ទីម៉ែត្រមានចម្ងាយពីផ្លូវថ្នល់កៅស៊ូបត់ស្តាំទៅទិសខាងជើងមានចម្ងាយប្រមាណជា១១០ម៉ែត្រ ហើយពិនិត្យឃើញនៅទិស ខាងលិចឆៀងខាងត្បូងនៃសពមានស្លាកស្នាមទ្រុឌទក់ៗ មានបន្សល់ទុកនូវលោហធាតុពណ៌លឿងចំនួន០១ខ្សែ, សៀវភៅសរសេរចំនួន០៣ក្បាល, ប៊ិក,
ឌុយសាកថ្មទូរស័ព្ទចំនួន០១, គ្រឿងតុបតែងមុខរបស់មនុស្សស្រីមួយចំនួន និងម៉ាស់ពណ៌សចំនួន០១ ហើយនៅលើសាកសពផ្នែក(ក) មានស្លាកស្នាមជាំរលាត់នៅនឹងរង្វង់ក នៅក្នុងប្រដាប់ភេទគឺពិនិត្យឃើញមានទឹកកាម ក្នុងនោះសមត្ថកិច្ចយើងសន្និដ្ឋានបានថា ជនរងគ្រោះស្លាប់ដោយសារអំពើឃាតកម្ម គឺដោយជនសង្ស័យធ្វើសកម្មភាពច្របាច់កសម្លាប់ជនរងគ្រោះរួចយកទៅទម្លាក់ចូលក្នុងរណ្ដៅដីដែលមានទឹកនៅទិសខាងកើតឆៀងខាងជើង មានប្រវែងប្រមាណជា៨ម៉ែត្រគិតពីទីតាំងដែលមានបន្សល់ស្លាកស្នាមទក់ៗ ។
លោកឧត្តមសេនីយ៍បានបន្តឱ្យដឹងថា បន្ទាប់ពីការស្រាវជ្រាវស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់មក សមត្ថកិច្ចយើងកំណត់បានអត្តសញ្ញាណជនសង្ស័យបានចំនួន០១នាក់ ឈ្មោះ គា សុគុន ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិខែលជ័យ ឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម (ត្រូវជាសង្សាររបស់ជនរងគ្រោះ ) ។
សូមបញ្ជាក់ថា ប្រតិបត្តិការនេះ ដោយមានកិច្ចសហការល្អពីនាយកដ្ឋានកណ្តាលសន្តិសុខ, កម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ , កម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តក្រចេះ ក្រោយកើតហេតុរយៈពេល០២ថ្ងៃ គឺនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង០៩ និង២៣នាទី សមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យ ឈ្មោះ គា សុគុន បាននៅក្នុងភូមិសាស្រ្តទឹកដីខេត្តក្រចេះ ។
បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមដើម្បីធ្វើការសាកសួរ និងចងក្រងសំណុំរឿងតាមនីតិវិធី ៕,អ្នកប្រមាញ់