នាយឧត្តមសេនីយ៍ ខៀវ សុភ័គ៖ សមត្ថកិច្ចបើកប្រតិបត្តិការជួយសង្គ្រោះជនបរទេស២ករណី រកឃើញជនរងគ្រោះ១០នាក់​ ក្នុងរយៈពេល៣ថ្ងៃនេះ!

ចែករំលែក៖

ភ្នំពេញ៖ ក្នុងរយៈពេល ៣ ថ្ងៃមកនេះ ពោលគឺគិតចាប់ពីថ្ងៃទី១២ ដល់១៥ ខែកញ្ញា ឆ្នាំ២០២២ម្សិលមិញនេះ​ សមត្ថកិច្ចកម្ពុជា បានបើកប្រតិបត្តិការជួយសង្គ្រោះជនបរទេស២ករណី ដោយរកឃើញជនរងគ្រោះចំនួន១០នាក់។​ នេះបេី​យោង​តាមការបញ្ជាក់ពី​នាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ​ បានឱ្យដឹងនៅព្រឹក​ថ្ងៃសុក្រទី​១៦​ ខែកញ្ញា​ ឆ្នាំ​២០២២។

សូមជម្រាបថា​ ក្នុងប្រតិបត្តិការជួយសង្គ្រោះជនបរទេសទាំងពីរករណីនេះ បានធ្វើឡើងនៅរាជធានីភ្នំពេញចំនួន១ករណី កាលពីថ្ងៃទី១២ ខែកញ្ញា​ ឆ្នាំ​២០២២ ដោយសង្គ្រោះជនបរទេសម្នាក់ និងធ្វើឡើងនៅខេត្តព្រះសីហនុ១ករណី កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ​២០២២​ ដោយសង្គ្រោះបានជនបរទេសចំនួន៩នាក់។

ដោយឡែកគិតចាប់ពីម៉ោង៣រសៀលថ្ងៃទី១៤ ដល់ម៉ោង៣រសៀល ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២នេះ សមត្ថកិច្ចកម្ពុជា បានទទួលសំណើចំនួន២៤ករណី ទាក់ទងទៅនឹងការសុំអន្តរាគមន៍ឲ្យជួយស្វែងរកជនជាតិចិន និងវៀតណាមសរុប ២៩នាក់។ សំណើទាំងនោះមាននៅក្នុងខេត្តព្រះសីហនុស្វាយរៀង ពោធិ៍សាត់ ឧត្តរមានជ័យ កោះកុង និងរាជធានីភ្នំពេញជាដើម។

គួរ​បញ្ជាក់ថា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ នាពេល​ថ្មីៗនេះ​ បានចេញលិខិតមួយអំពាវនាវដល់សាធារណជនជាតិ-អន្តរជាតិ ស្ថានតំណាងបរទេសប្រចាំកម្ពុជា និងអាជ្ញាធរមានសមត្ថកិច្ចនៃបណ្ដាប្រទេសពាក់ព័ន្ធ បន្តសហការផ្តល់ព័ត៌មានពាក់ព័ន្ធអំពើជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆ្លងដែនផ្សេងទៀត ដើម្បីបង្ការទប់ស្កាត់ និងបង្ក្រាបបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព។

រាជរដ្ឋាភិបាលកម្ពុជា ក៏បានបន្តប្តេជ្ញាចិត្តប្រកប ដោយឆន្ទៈមោះមុត ក្នុងការអនុវត្តតាមច្បាប់ជាធរមាន ដើម្បីប្រយុទ្ធប្រឆាំងអំពើឆបោក-ជំរិតទារប្រាក់ តាមប្រព័ន្ធបច្ចេកវិទ្យា បទល្មើសគ្រឿងញៀន បទល្មើសសម្អាតប្រាក់ ល្បែងស៊ីសងអនឡាញខុសច្បាប់ ព្រមទាំងបន្តផ្តល់ការគាំពារ និងជួយសង្គ្រោះ ទាំងពលរដ្ឋកម្ពុជាដែលរងគ្រោះដោយអំពើជួញដូរនៅឯបរទេស និងសង្គ្រោះជនបរទេសដែលរងគ្រោះដោយអំពើជួញដូរនៅកម្ពុជានេះ។

នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី០៩ ខែកញ្ញា រាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ឱ្យគ្រប់រដ្ឋបាលរាជធានី ខេត្ត និងមូលដ្ឋានទាំងអស់ ព្រមទាំងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ ត្រូវបើកយុទ្ធនាការ ប្រយុទ្ធប្រឆាំង និងបង្ក្រាបឧក្រិដ្ឋកម្មគ្រឿងញៀន ការជួញដូរ និងរត់ពន្ធមនុស្ស ពលកម្ម បង្ខិតបង្ខំ និងអាជីវកម្មផ្លូវភេទ ឱ្យមានប្រសិទ្ធភាពផងដែរ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print