ខេត្តកំពង់ស្ពឺ៖ នេះបេីយោងតាមប្រភពព័ត៍មានពីកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ នៅរសៀលថ្ងៃសុក្រទី១៦ ខែកញ្ញា ឆ្នាំ២០២២នេះ បានឱ្យដឹងថា លោក ថេង ច័ន្ទសង្វារ រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ អញ្ជើញសំណេះសំណាល សួរសុខទុក្ខ នាយ-ពលទាហាន ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ នៅបញ្ជាការដ្ឋានយោធភូមិភាគទី៣ ។
ក្នុងឱកាសសំណេះសំណាលនេះដែរ លោក ថេង ច័ន្ទសង្វារ បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ លោក ជា សុផារ៉ា ដែលជានិច្ចកាលបានគិតគូរចំពោះសុខទុក្ខ និងការរស់នៅ របស់យោធិនទាំងអស់ នៃកងកម្លាំងប្រដាប់អាវុធគ្រប់ទីកន្លែង។ ជាមួយគ្នានេះដែរ លោករដ្ឋលេខាធិការ បានសម្ដែងនូវការកោតសរសើរចំពោះស្មារតីតស៊ូអង់អាចក្លាហានប្រកបដោយវីរ:ភាពរបស់យោធិន ដែលបានយកអស់កម្លាំងកាយចិត្ត ក្នុងបុព្វហេតុការពារជាតិមាតុភូមិ ការពារបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា និងចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ របស់យើងមានការរីកចម្រើនលើគ្រប់វិស័យ។
ជាមួយគ្នានេះដែរ លោក ថេង ច័ន្ទសង្វារ សូមជូនពរដល់យោធិនទាំងអស់ក្នុងឱកាសបុណ្យ ភ្ជុំបិណ្ឌប្រពៃណីជាតិសូមប្រកបដោយពុទ្ធពរជ័យ ទាំងប្រាំប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ។
លោករដ្ឋលេខាធិការ ព្រមទាំងគណៈប្រតិភូ ក៏បាននាំយកថវិកាដ៏ថ្លៃថ្លារបស់ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ នូវថវិកា ១០ លានរៀល សម្រាប់អង្គភាព និង ៩២ លានទៀតសម្រាប់យោធិន ដោយក្នុងម្នាក់ទទួលបានថវិកា ១០០,០០០៛ ផងដែរ។
ក្នុងនោះដែរ ឧត្តមសេនីយ៍ឯក យឿង សុខុន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការ យោធភូមិភាគទី៣ ជំនួសមុខឲ្យនាយទាហាន នាយទាហានរង ពលទាហានទាំងអស់ បានសំដែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ និងលោក ថេង ច័ន្ទសង្វាររដ្ឋលេខាធិការ ព្រមទាំងគណៈប្រតិភូ ដែលបានអញ្ជេីញសំណេះសំណាលសួរសុខទុក្ខ នាយ-ពលទាហាន ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិសូមជួបតែពុទ្ធពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ: កុំបីឃ្លៀងឃ្លាតឡើយ ៕ដោយ៖សហការី