រយៈពេល៨ខែឆ្នាំ២០២២ពន្ធដារប្រមូលចំណូលបានជាង២ពាន់លានដុល្លារ កើនឡើងជាង២៧%

ចែករំលែក៖

(ភ្នំពេញ)÷រយៈពេល ៨ខែ ឆ្នាំ២០២២ ចំណូលពន្ធអាករ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានជាក់ស្តែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ៩ ៨៧៩,១៤ប៊ីលានរៀល ដែលស្មើប្រមាណ២ ៤៣៩,២៩លានដុល្លារអាមេរិក ស្មើនឹង៨៦,៥១ភាគរយ។នេះបើយោងតាមសេចក្តីប្រកាសរបស់អគ្គនាយកដ្ឋានពន្ធដារ។

អគ្គនាយកដ្ឋានពន្ធដារបានបង្ហាញឱ្យដឹងបន្ថែមថា ចំណូលពន្ធអាកររយៈពេល៨ខែឆ្នាំ២០២២នេះ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១ គឺមានការកើនឡើងចំនួន២ ១៣៨,៨៦ប៊ីលានរៀល ប្រមាណជា ៥២៨,១១លានដុល្លារ ស្មើនឹង២៧,៦៦ភាគរយ។

ចំពោះពន្ធអាករត្រឹមតែរយៈពេលមួយខែនៃខែសីហា ឆ្នាំ២០២២វិញ អគ្គនាយកដ្ឋានពន្ធដារបង្ហាញថា មានចំនួន ៩២៧,៩៣ប៊ីលានរៀល ប្រមាណជា២២៩,១២លានដុល្លារ ស្មើនឹង៨,១៣ភាគរយ ហើយបើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១ គឺមានការកើនឡើងចំនួន ១៤៩,១២ប៊ីលានរៀល ប្រមាណជា ៣៦,៨២លានដុល្លារ ស្មើនឹង ១៩,១៥ភាគរយ។

ទន្ទឹមនឹងនេះដែរ អគ្គនាយកដ្ឋានពន្ធដារ ក៏សង្កេតឃើញដែរថា ទោះបីជាមានហានិភ័យបណ្តាលពីភាពមិនប្រាកដប្រជា និងការប្រែប្រួលបរិបទសេដ្ឋកិច្ចសកល រលកនៃការរីករាលដាលបន្ថែមឥតឈប់នៃជំងឺកូវីដ-១៩ ភាពតានតឹងនៃភូមិសាស្រ្តនយោបាយនិងសន្តិសុខសកល ដែលបានជះឥទ្ធិពលមកលើស្ថានភាពសេដ្ឋកិច្ចកម្ពុជាយ៉ាងណាក្តី ក៏ស្ថានភាពនៃការគ្រប់គ្រងប្រមូលចំណូលពន្ធអាករក្នុងរយៈ ពេល៨ខែមកនេះ នៅតែរក្សាបាននូវភាពល្អប្រសើរ គឺតែងតែសម្រេចបានគ្រប់និងលើសផែនការកំណត់ក្នុងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងប្រចាំឆ្នាំ ដែលបានឆ្លើយតបទៅនឹងតម្រូវការថវិកាសម្រាប់ការចំណាយនានារបស់រាជរដ្ឋាភិបាល។

 រីឯមូលហេតុដែលជម្រុញឱ្យមានការកើនឡើងចំណូលពន្ធរយៈពេល៨ខែឆ្នាំ២០២២ ធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១នោះ ត្រូវបានអគ្គនាយកដ្ឋានពន្ធដារបញ្ជាក់ថា ដោយសារតែ ឆន្ទៈនិងកិច្ចខិតខំប្រឹងប្រែងកៀរគរចំណូលពីប្រភពនានា និងបិទខ្ទប់ការលេចធ្លាយចំណូលនានា ការឆ្លើយតបចំពោះបញ្ហាប្រឈមនិងសំណូមពរនានា និងការបំពាក់ឧបករណ៍វាស់ចំណុះស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរាជាដើម៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print