ភ្មំពេញ : យុវជនម្នាក់ជិះម៉ូតូក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកនិងម៉ូតូរបស់សម្ថកិច្ចបណ្ដាលឲ្យស្លាប់ម្នាក់នៅនឹងកន្លែងកើតហេតុ និងពីរនាក់ទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ។
ហេតុការនេះបានកើតឡើងកាលពីវេលាម៉ោង១២ នឹង៥០នាទីរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ ដែលស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ក្នុងភូមិគោករការ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
សពមានឈ្មោះម៉ាប់ ញឹប អាយុ២៥ មុខបរបបុគ្គលិកក្រុមហ៊ុនខ្សែរកាបអុបទិច មានស្រុកកំណើតនៅក្នុងភូមិស្វាយចេក សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសេ125 ស៊េរីឆ្នាំ 2022 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1JQ -3757បើកបរដោយយុវជនម្នាក់និងរួមដំណើរដោយយុវជនម្នាក់ទៀតដែលធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿនលុះមកដល់ត្រង់ចំណុចកើតហេតុបានវ៉ាជែងនឹងម៉ូតូមួយគ្រឿងទៀត ក៏ជ្រុលទៅបុកនឹងម៉ូតូមួយគ្រឿងទៀតម៉ាកCRF ពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញ1JG -7897បើកបរដោយបុរសម្នាក់ជាកម្លាំងមានសម្ថកិច្ចដែលទើបតែចេញពីកន្លែងគោលដៅយាម គោលបំណងត្រលប់ទៅប៉ុស្តិ៍វិញ ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើងបណ្តាលឲ្យយុវជនម្នាក់ដែលជិះម៉តូម៉ាកហុងដាឌ្រីមសេ125បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតដែលរួមដំណើររងរបួសធ្ងន់ ចំណែកភាគីម្ខាងទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្រោះភ្លាមៗនៅមន្ទីរពេទ្យ ដោយឡែកម៉ូតូរងការខូចខាតយ៉ាងដំណំទាំងសងខាង។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់រួចបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះមកធ្វើការវាស់វែងយកម៉ូតូទាំងពីរគ្រឿងទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយតាមផ្លូវច្បាប់ចំណែកសពជនរងគ្រោះក្រោយធ្វើកំណត់ហេតុរួចសមត្ថកិច្ចបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ និន សុភ័ស្ត