ភ្នំពេញ៖ ថ្លែងនៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃចន្ទទី១៩ ខែកញ្ញា ឆ្នាំ២០២២នេះថា៖ ប៉ុន្មានថ្ងៃនេះមានការចាប់អារម្មណ៍ លើករណីមួយពាក់ព័ន្ធនឹងសកម្មភាពរបស់សិស្សវិទ្យាល័យសេរីភាពក្រុងតាខ្មៅ ដែលក្មួយៗសិស្សានុសិស្សមួយចំនួនបាននាំគ្នាធ្វើសកម្មភាព (សរសេរ ឬគូសលើអាវគ្នាទៅវិញទៅមក) ដែលគណៈគ្រប់គ្រងសាលាយល់ថាបានធ្វើអោយខូចសណ្តាប់ធ្នាប់នៅក្នុងសាលា រហូតដល់មានប្រតិកម្មក្តៅមួយពីលោកនាយកសាលាទៅលើក្មួយស្រីៗជាសិស្សមួយចំនួនតូច។ ហេតុការណ៏នេះ ត្រូវបានគេថតយកមកធ្វើការចែកចាយតាមបណ្តាញសង្គម ដោយមានការជជែកផុសផុល ដោយមានអ្នកបញ្ចេញនូវទស្សនៈខុសៗគ្នាផងដែរ។
លោកបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ខ្ញុំមិនបញ្ចេញទស្សនៈទៅលើករណីនេះទេ ប៉ុន្តែសូមមានចំណាប់អារម្មណ៍ជារួមមួយ៖ តាមដែលខ្ញុំបានស្តាប់ផ្ទាល់និងដឹងផ្ទាល់តាមរយៈការចុះតាមមូលដ្ឋានមួយចំនួននាពេលកន្លងមក បញ្ហាមួយដែលជាកង្វល់របស់មាតាបីតា (ក៏ដូចជាលោកគ្រូអ្នកគ្រូ)ជាច្រើន នៅក្នុងពេលបច្ចុប្បន្នចំពោះអនាគតកូនចៅរបស់ខ្លួន នៅក្នុងខណៈពេលដែលប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍន៏ ដែលបង្កលក្ខណៈអោយជីវភាពរស់នៅ និងសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋមានការកើនឡើងនោះ គឺការជ្រើសរើសផ្លូវជីវិតរបស់កូនចៅតាមរយៈសកម្មភាពរបស់ពួកគេនាពេលបច្ចុប្បន្ន(ពិសេសវ័យសិក្សាថ្នាក់វិទ្យាល័យចុះក្រោម) ដែលជាកត្តាកំណត់មួយយ៉ាងសំខាន់សម្រាប់អនាគតរបស់ពួកគេ។
ហេតុដូច្នេះការអប់រំ គួរមិនត្រឹមតែផ្តោតទៅលើចំណេះដឹងទូទៅទេ ប៉ុន្តែត្រូវគិតទៅដល់វិន័យ សុជីវធម៌ សីលធម៌ និងគុណធម៌ផងដែរ៕ដោយ៖ស តារា