ភ្នំពេញ : ប្រមុខរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញថ្លែងសុន្ទរកថា ក្នុងកិច្ចពិភាក្សាទូទៅ នៃមហាសន្និបាត លើកទី៧៧ នៅទីស្នាក់ការ អ.ស.ប នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។
សូមបញ្ជាក់ថា, ប្រមុខរាជរដ្ឋាភិបាល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹង អញ្ជើញថ្លែងសុន្ទរកថា ក្នុងកិច្ចពិភាក្សាទូទៅ នៃមហាសន្និបាតអង្គការសហប្រជាជាតិ( អ.ស.ប) លើកទី៧៧ នៅទីស្នាក់ការ អង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក គឺចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២២ ខាងមុខនេះ។
ដោយឡែក ចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋគុយបា និងចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញគោរពវិញ្ញាណក្ខន្ធ លោក អាបេ ស៊ីនហ្សូ អតីត នាយករដ្ឋមន្ត្រីជប៉ុន នៅទីក្រុងតូក្យូប្រទេសជប៉ុនផងដែរ។
សូមជម្រាបជូនថា, នៅល្ងាចថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចេញដំណើរទៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ដើម្បីត្រៀមរៀបចំសម្រាប់ការអញ្ជើញចូលរួមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៧ ៕
ដោយ : សហការី