ខេត្តកំពត : ក្នុងឱកាសនៃពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ នាថ្ងៃចន្ទ ៩រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០២២នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ និងសហការី រួមជាមួយមន្ត្រីសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត អញ្ជើញបូជាទៀន ធូប ផ្កាភ្ញី ថ្វាយព្រះរតនត្រ័យ និងនាំយកចតុបច្ច័យ ទេយ្យទាន និងគ្រឿងឧបភោគបរិភោគមួយចំនួន ទៅវេរប្រគេនចំពោះព្រះសង្ឃគង់នៅវត្តស្នំប្រាំពីរ ដែលស្ថិតនៅភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត។
បន្ទាប់ពីបានធ្វេីបទនមស្ការ ព្រះរតនត្រ័យ រាប់បាត្រ បង្សុកូល និងវេរប្រគេនព្រះសង្ឃរួចមក ព្រះសាគររង្សី ទឹម សំបូរ ព្រះចៅអធិការវត្តស្នំប្រាំពីរ បានថ្លែងអំណរគុណចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានចាត់ឱ្យសហការីនាំយកទេយ្យទានមកវេរប្រគេន និងបានឧទ្ទិសមហាកុសលផលបុណ្យ ជូនចំពោះបុព្វការីជន មានមាតា បិតា ជីដូន ជីតា ញាតិកាទាំង៧សន្តាន ដែលបានធ្វើមរណកាលទៅ ជាពិសេសឧទ្ទិសមហាកុសលជូនចំពោះដួងវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាភក្តី សប្បុរិសភោគាធិបតី ហ៊ុន នាង, លោកយាយមហាឧបាសិកា ឌី ប៉ុក, លោកតាមហាឧបាសក លីន គ្រី និងអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ក៏ដូចជាឧទ្ទិសជូនវិញ្ញាណក្ខន្ធបុព្វបុរសខ្មែរ យុទ្ធជន យុទ្ធនារី និងអ្នកស្នេហាជាតិទាំងឡាយ ដែលបានពលី និងបូជាជីវិតក្នុងបុព្វហេតុសង្គមជាតិផងដែរ។
ព្រះសាគររង្សី ទឹម សំបូរ ក៏បានជូនពរសព្ទសាធុការដល់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចតេជោ ហ៊ុន សែន ព្រមទាំង បុត្រា បុត្រី ចៅៗ និងសហការីនៃកាកបាទក្រហមកម្ពុជា ឱ្យជួបប្រទះតែនឹងព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមបញ្ជាក់ថា ទេយ្យទានដែលកាកបាទក្រហមកម្ពុជា ប្រគេនវត្តស្នំប្រាំពីរ រួមមាន ៖ អង្ករ ១តោន, មី ១០កេស, ត្រីខ ២កេសធំ, ទឹកក្រូច ១០កេស, ទឹកបរិសុទ្ធ ១០កេស, ទឹកដោះគោខាប់ ២កេស, អូរវ៉ាន់ទីន ២កេស, តែ ៥គីឡូក្រាម, ស្ករស ២៥គីឡូក្រាម, ត្រីងៀត ១០គីឡូក្រាម, សាច់ក្រក ១០គីឡូក្រាម, នំអន្សម ១កន្ត្រក, ជែលលាងដៃ ៥កេស, ម៉ាស់ ១កេស និងបច្ច័យចំនួន ១០លានរៀល។ វេរប្រគេនព្រះចៅអធិការវត្តនូវ សាដក ១ និងបច្ច័យ ៥០ម៉ឺនរៀល។ វេរប្រគេនព្រះសង្ឃ ២០អង្គ ក្នុង ១អង្គ នូវ សាដក១ និងបច្ច័យ ១០ម៉ឺនរៀល៕
ដោយ : សហការី