ក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៊ីនៅថ្ងៃទី១៩ខែកញ្ញាបានប្រកាសថា រុស្ស៊ី និងចិនបានសម្រេចបង្កើនកិច្ចសហប្រតិបត្តិការឱ្យកាន់តែខ្លាំងក្នុងវិស័យការពារជាតិ ពិសេសគឺកម្លាំងទាហានប្រទេសទាំងពីរបង្កើនការធ្វើសមយុទ្ធរួម ។
តាមការប្រកាសរបស់ក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៊ី បានឱ្យដឹងថា
«ភាគីទាំងសងខាងបានព្រមព្រៀងគ្នាបង្កើនកិច្ចសហប្រតិបត្តិការច្រើនជាងនេះទៀត ដោយផ្តោតសំខាន់ទៅលើការធ្វើសមយុទ្ធរួមគ្នា ក៏ដូចជាបង្កើនទំនាក់ទំនងរវាងអគ្គមេបញ្ជាការប្រទេសទាំងពីរ»។
នៅក្នុងសេចក្តីប្រកាសខាងលើ ក្នុងពេលអគ្គលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៊ី លោក Nikolai Patrushev បំពេញទស្សនកិច្ចទៅកាន់ប្រទេសចិនក្នុងគោលដៅបង្កើនទំនាក់ទំនងសន្តិសុខទ្វេភាគី។
ជាច្រើនឆ្នាំកន្លងមក រុស្ស៊ីនិងចិន បានបង្កើនកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការដៃគូ «គ្មានព្រំដែន» បើទោះបីប្រធានាធិបតីរុស្ស៊ីលោកពូទីនទទួលស្គាល់ពីក្តីបារម្ភរបស់ចិនចំពោះស្ថានភាពនៅក្នុងប្រទេសអ៊ុយក្រែន នៅក្នុងកិច្ចប្រជុំអង្គការសហប្រតិបត្តិការសៀងហៃ នៅប្រទេសអ៊ុយបេគីស្ថានកាលពីសប្តាហ៍កន្លងមកក្តី។
កន្លងមក លោកខាងលិចបានបង្ហាញពីក្តីបារម្ភយ៉ាងខ្លាំងចំពោះការបង្កើនកិច្ចសហប្រតិបត្តិការយោធារវាងរុស្ស៊ី នឹងចិន ដោយប្រទេសទាំងពីររួមគ្នាគឺជាកម្លាំងដ៏ខ្លាំងធ្វើឱ្យលោកខាងលិចកាន់តែពិបាកក្នុងការទប់ទល់៕ ដោយធីរីណា
រូបថត : AFP