ខេត្តស្វាយរៀង: មានការភ្ញាក់ផ្អើលដល់អ្នកភូមិនិងក្រុមគ្រួសាររត់ទៅជួយធ្វើអន្តរាគមន៍លើកមកជួយសង្គ្រោះ ប៉ុន្តែអកុសលយឹតពេលទៅហើយបន្ទាប់ពីមានមេឃភ្លៀងលាយខ្យល់កន្ត្រាក់ និងមានរន្ទះបាញ់មួយគ្រាប់បណ្ដាលឱ្យបុរសម្នាក់ដែលកំពុងឃ្វាលក្របីនៅវាលស្រែជាប់ព្រំដែនកម្ពុជា-វៀតណាមដេកដួលសន្លប់បាត់មាត់ឈឹងតែម្ដង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី១៩ខែកញ្ញាឆ្នាំ២០២២ស្ថិតនៅវាលស្រែត្រង់ចំណុចភូមិក្រាំងលាវ ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
សមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា
ជនរងគ្រោះមានឈ្មោះ សឹម អ៊ែន អាយុ៤២ឆ្នាំ មុខរបរកសិករ រស់នៅភូមិស្វាយ ឃុំស្វាយធំ ស្រុកស្វាយជ្រំ។
តាមអ្នកភូមិបានឱ្យដឹងថា មុនកើតហេតុគេឃើញជនរងគ្រោះបានទៅឃ្វាលក្របីនៅឯកណ្ដាលវាលស្រែ ហើយក្រោយមកក៏មានភ្លៀងធ្លាក់ស្រិចៗលាយជាមួយខ្យល់ន្ត្រាក់យ៉ាងខ្លាំង។ លុះប្រមាណជាកន្លះម៉ោងក្រោយមកស្រាប់តែមានរន្ទះបាញ់មួយគ្រាប់ចំជនរងគ្រោះបណ្ដាលឱ្យដេកដួលលើដីទើបបង្កការភ្ញាក់ផ្អើលតែម្ដង។
តាមសមត្ថកិច្ចនគរបាលនិងគ្រូពេទ្យដែលបានមកពិនិត្យសពបានសន្និដ្ឋានថាជនរងគ្រោះពិតជាស្លាប់ដោយសាររន្ទះបាញ់ប្រាកដមែន ទើបបានប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕
ដោយ៖ សុថាន