ទីបំផុតសម្រេចហើយ! ប្រាក់ឈ្នួលអប្បបរមាកម្មករនិយោជិតក្នុងវិស័យវាយនភ័ណ្ឌនៅឆ្នាំ២០២៣ឡើងដល់២០០ដុល្លារក្នុង១ខែ

ចែករំលែក៖

ភ្នំពេញ៖ ទីបំផុតប្រាក់ឈ្នួលអប្បបរមារបស់កម្មករ-និយោជិត ក្នុងវិស័យវាយនភណ្ឌកាត់ដេរ ផលិត​ស្បែ​ក​ជើង និងផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ ២០២៣ ត្រូវបានសម្រេចដំឡើងដល់ ២០០ដុល្លារក្នុងមួយខែ។ ការសម្រេចយ៉ាងដូច្នេះ បន្ទាប់ពីក្រុម ប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានបើកកិច្ចប្រជុំជាលើកចុងក្រោយ នៅព្រឹកថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២២នេះ។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២នេះ បានចេញសេចក្ដីប្រកាសព័ត៌មានឱ្យដឹងថា ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដែលជាយន្តការត្រីភាគី និងមានសមាជិកជាតំណាងភាគីកម្មករនិយោជិតចំនួន១៧រូប តំណាងភាគីនិយោជកចំនួន១៧រូប និងតំណាងភាគីរាជរដ្ឋាភិបាលចំនួន១៧រូប បានបើកកិច្ចប្រជុំចំនួន២៥លើក (ប្រជុំផ្ទៃក្នុងភាគីកម្មករនិយោជិតចំនួន៧លើក ភាគីនិយោជកចំនួន៣លើក ភាគីរដ្ឋាភិបាលចំនួន២លើក ទ្វេភាគីរាជរដ្ឋាភិបាលជាមួយភាគីកម្មករនិយោជិត និងភាគីនិយោជកចំនួន៨លើក និងត្រីភាគីចំនួន៥លើក) ពីថ្ងៃទី១៥ ខែសីហា ដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ ដោយឈរលើគោលការណ៍ប្រជាធិបតេយ្យ ស្មារតីមិត្តភាព សហប្រតិបត្តិការ តម្លាភាព និងឈ្នះ-ឈ្នះ។

ទោះបីជាមានកិច្ចប្រជុំជាច្រើនលើក ភាគីពាក់ព័ន្ធមិនបានឯកភាពគ្នាជាឯកច្ឆន្ទលើតួលេខណាមួយឡើយ ដោយតំណាងភាគីកម្មករនិយោជិតបានលើកនូវតួលេខចំនួន៣ផ្សេងគ្នា គឺតួលេខ២០៦ដុល្លារអាមេរិក ២១០ដុល្លារអាមេរិក និង២១៣ដុល្លារអាមេរិក តំណាងភាគីនិយោជកបានដំឡើងដល់តួលេខចំនួន១៩៨ដុល្លារអាមេរិក និងតំណាងភាគីរាជរដ្ឋាភិបាល ដោយឈរលើលក្ខណៈបច្ចេកទេស និងវិទ្យាសាស្ត្រ កំណត់យកតួលេខ១៩៨ដុល្លារអាមេរិក។ យោងមាត្រា១២ នៃច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបានអនុវត្តនូវនីតិវិធីបោះឆ្នោតជាសម្ងាត់ នាកិច្ចប្រជុំព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីគាំទ្រតួលេខនីមួយៗ ដោយទទួលបានលទ្ធផលដូចខាងក្រោម៖

* តួលេខចំនួន១៩៨ដុល្លារអាមេរិក ទទួលបានសំឡេងឆ្នោត៤៦សំឡេង លើ៥១សំឡេង
* តួលេខចំនួន២០៦ដុល្លារអាមេរិក ទទួលបានសំឡេងឆ្នោត០សំឡេង លើ៥១សំឡេង
* តួលេខចំនួន២១០ដុល្លារអាមេរិក ទទួលបានសំឡេងឆ្នោត០សំឡេង លើ៥១សំឡេង
* តួលេខចំនួន២១៣ដុល្លារអាមេរិក ទទួលបានសំឡេងឆ្នោត៥សំឡេង លើ៥១សំឡេង
* សំឡេងមិនបានការចំនួន០សំឡេង លើ៥១សំឡេង។

ដូចនេះ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបានស្នើតួលេខចំនួន១៩៨ដុល្លារអាមេរិក ជូនរដ្ឋមន្ត្រីក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីពិនិត្យសម្រេចលើប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៣។

យោងរបាយការណ៍របស់រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្ថិតនៅក្នុងស្ថានភាពដែលកម្ពុជាបានបង្កើតនូវភាពស៊ាំសហគមន៍ ដែលអនុញ្ញាតឱ្យដំណើរការសកម្មភាពសង្គម-សេដ្ឋកិច្ចឡើងវិញ និងត្រលប់ទៅរកនិន្នាការធម្មតាក្នុងគន្លងប្រក្រតីភាពថ្មី ព្រមទាំងសំដៅសម្រាលបន្ទុករបស់ប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ពីការកើនឡើងថ្លៃទំនិញ ដែលបង្កដោយសារសង្គ្រាមរវាងប្រទេសរុស្ស៊ីនិងអ៊ុយក្រែន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចបន្ថែមទឹកប្រាក់ចំនួន២ដុល្លារអាមេរិក លើទឹកប្រាក់ចំនួន១៩៨ដុល្លារអាមេរិក។

ដូច្នេះចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប នឹងមានប្រាក់ឈ្នួលអប្បបរមាចំនួន២០០ដុល្លារអាមេរិកក្នុងមួយខែ ចំពោះកម្មករនិយោជិតពេញសិទ្ធិ និងចំនួន១៩៨ដុល្លារអាមេរិកក្នុងមួយខែ ចំពោះកម្មករនិយោជិតសាកល្បង។

ទន្ទឹមនឹងនេះ ប្រាក់អត្ថប្រយោជន៍ផ្សេងទៀតដែលកម្មករនិយោជិតធ្លាប់ទទួលបានកន្លងមក ត្រូវបានរក្សាទុកនៅដដែល មានដូចជាប្រាក់សោហ៊ុយធ្វើដំណើរ និងស្នាក់នៅចំនួន៧ដុល្លារអាមេរិកក្នុងមួយខែ ប្រាក់រង្វាន់ធ្វើការទៀងទាត់ចំនួន១០ដុល្លារអាមេរិកក្នុងមួយខែ ប្រាក់ថ្លៃបាយសម្រាប់ការធ្វើការងារបន្ថែមម៉ោងដោយស្ម័គ្រចិត្តចំនួន២,០០០រៀលក្នុងមួយថ្ងៃ ឬការទទួលបានបាយមួយពេលដោយឥតគិតថ្លៃ និងប្រាក់រង្វាន់អតីតភាពការងារចាប់ពី២-១១ដុល្លារអាមេរិកក្នុងមួយខែ សម្រាប់កម្មករនិយោជិតដែលបានធ្វើការចាប់ពីឆ្នាំទី២ដល់ឆ្នាំទី១១។ ដូចនេះ ជាមធ្យមកម្មករនិយោជិតម្នាក់ៗនឹងទទួលបានប្រាក់បៀវត្សយ៉ាងតិចចំនួនពី២១៧-២២៨ដុល្លារអាមេរិកក្នុងមួយខែ។

សូមជម្រាបថា សម្រាប់ប្រាក់ឈ្មួលអប្បបរមាកម្មករ-និយោជិត ក្នុងវិស័យវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូបសម្រាប់ឆ្នាំ ២០២២ទទួលបាន ១៩៤ដុល្លារក្នុង ១ខែ ដោយមិនគិតពីប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀតទេ៕

...

ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print