ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃពុធទី២១ ខែកញ្ញា ឆ្នាំ២០២២នេះ បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់ លោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ បានធ្វើការស្រាវជ្រាវឈានដល់ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ពាក់ព័ន្ធបង្ខាំងមនុស្សដោយខុសច្បាប់ប្រើទារុណកម្មជំរិតទារប្រាក់ និងប្រើប្រាស់ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចសណ្ឋាគារឡាក់គីស្តារ បន្ទប់លេខ៤៤១ ផ្លូវលេខ៣៦៦ ក្រុម១០ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ NGUYEN THI THIEN HOA ភេទស្រី អាយុ៤១ឆ្នាំ ជនជាតិរៀតណាម ទីលំនៅបច្ចុប្បន្នប្រទេសវៀតណាម ។
ជនសង្ស័យឃាត់ខ្លួនចំនួន០៣នាក់ ៖ ១- ឈ្មោះ NGUYEN VANTHIE ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិរៀតណាម ទីលំនៅប្រទេសវៀតណាម បច្ចុប្បន្នស្នាក់នៅបន្ទប់កើតហេតុ ។ ២- ឈ្មោះ LOU VAN CONG ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិរៀតណាម ទីលំនៅប្រទេសវៀតណាម បច្ចុប្បន្នស្នាក់នៅបន្ទប់កើតហេតុ និង៣- ឈ្មោះ NGUYEN CAM GIANG ភេទស្រី អាយុ៣៤ឆ្នាំ ជនជាតិរៀតណាម ទីលំនៅប្រទេសវៀតណាម បច្ចុប្បន្នស្នាក់នៅបន្ទប់កើតហេតុ ។
វត្ថុតាងដកហូតមាន ៖ ទូរស័ព្ទចំនួន៣គ្រឿង, ម្សៅក្រាមពណ៌សថ្លា ០១កញ្ចប់តូច, ខ្សែក្រវាត់ស្បែក ពណ៌ខ្មៅ ក្បាលដែក ចំនួន០១ (មធ្យោបាយធ្វើទារុណកម្ម) ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើ កម្លាំងជំនាញការិយាល័យ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕
ដោយ៖ អរុណរះ