ភ្នំពេញ : លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានដឹកនាំគណៈប្រតិភូក្រសួងអញ្ជើញគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម ជៀប ស៊ីវន សមាជិកគណៈកម្មការទី៥ នៃរដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលភ្នំពេញ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ។
ឯកឧត្តម ជៀប ស៊ីវន សមាជិកគណៈកម្មការទី៥ នៃរដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលភ្នំពេញ បានទទួលមរណភាពកាលពីនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ២១ៈ២០នាទី ក្នុងជន្មាយុ ៧៧ឆ្នាំ ដោយរោគាពាធ។
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានចាត់ទុកមរណភាព ឯកឧត្តម ជៀប ស៊ីវន គឺជាការបាត់បង់ស្វាមី ឪពុក ឪពុកក្មេក និងជីតាជាទីគោរពស្រលាញ់ ពោរពេញទៅដោយព្រហ្មវិហារធម៌ និងជាការបាត់បង់នូវអ្នកស្នេហាជាតិដ៏សំខាន់មួយរូប ដែលបានរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យមានការរីកចម្រើនរៀងរហូតមក។
សព ឯកឧត្តម ជៀប ស៉ីវន ត្រូវបានតម្កល់ធ្វើបុណ្យទក្ខិណានុប្បទាន តាមប្រពៃណី និងសាសនា នៅគេហដ្ឋាននៃសព បុរីមេគង្គ រូយ៉ាល់ ផ្ទះលេខ១០១ ផ្លូវ M០៧ សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម ជៀប ស៊ីវន បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ : សហការី