ប្រសាសន៍សំខាន់ៗរបស់ លោក បណ្ឌិត ហ៊ុន ម៉ាណែត ក្នុងពិធីសំណេះសំណាលជាមួយសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ : នេះជាការសម្រង់ប្រសាសន៍សំខាន់ៗរបស់ លោក បណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ក្នុងពិធីសំណេះសំណាលជាមួយសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ, (រាជធានីភ្នំពេញ, ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២)៖

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ក្នុងពិធីសំណេះសំណាលជាមួយសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា បានមានប្រសាសន៍ថា, ទី ១. លោកបណ្ឌិត សូមអរគុណចំពោះសមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ ដែលបានរៀបចំកម្មវិធីជួបជុំប្រកបដោយអត្ថន័យនេះ ដែលជាឱកាសល្អដើម្បីជួបសំណេះសំណាលសាកសួរទុក្ខអ៊ំពូមីងជាអតីតយុទ្ធជន ស្របពេលនៃរដូវកាលពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។

២. សូមកោតសរសើរចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃសមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ ដែលបានខិតខំប្រឹងប្រែងអនុវត្តសកម្មភាពជាក់ស្តែងជាច្រើន ដើម្បីជួយឧបត្ថម្ភគាំពារដល់អតីតយុទ្ធជន ជាអាទិ៍៖ ការចូលរួមពង្រឹងតួនាទី និងធ្លុងសាមគ្គីឯកភាពក្នុងជួរអតីតយុទ្ធជន ក៏ដូចជាការថែទាំ និងកែលម្អជីវភាពអតីតយុទ្ធជនបានល្អប្រសើរ ធានាបាននូវកម្លាំងមូលធនមនុស្សសរុបដើម្បីបន្តរួមចំណែកអភិវឌ្ឍជាតិ។

៣. សមាគមអតីតយុទ្ធជនកម្ពុជា ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០០៧ នៅក្រោមក្រសួងសង្គមកិច្ច និងអតីតយុទ្ធជន ហើយលក្ខន្តិកៈរបស់សមាគមត្រូវបានកែសម្រួលនៅក្នុងឆ្នាំ២០១៥ ជាការបើកច្រកឱ្យមានការចូលរួមបន្ថែមពីមន្ត្រីយោធា, នគរបាល និងកងទ័ព នៅក្នុងរចនាសម្ព័ន្ធរបស់សមាគម ដើម្បីបង្កើនលទ្ធភាព និងប្រសិទ្ធភាពការងារ ក្នុងនាមជាយន្តការបំពេញបន្ថែមឱ្យយន្តការរបស់រាជរដ្ឋាភិបាល ក៏ដូចជាដើម្បីផ្តល់នូវភាពកក់ក្តៅជូនដល់អតីតយុទ្ធជន តាមរយៈការផ្តល់នូវការថែទាំ និងជួយទំនុកបម្រុងទាំងផ្នែកស្មារតី និងសម្ភារដល់កម្លាំងប្រដាប់អាវុធជាតិ បន្ទាប់ពីបានចូលនិវត្តន៍។ មួយវិញទៀត សម្តេចតេជោ នាយករដ្ឋមន្ត្រី គឺជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដោយនេះពិតជាបានបង្ហាញថា សម្តេច មានការយកចិត្តទុកដាក់ខ្ពស់បំផុតលើការងារអតីតយុទ្ធជន ពីព្រោះម្យ៉ាង រូបសម្តេចផ្ទាល់ ក៏ជាយោធិនមួយរូបដែលធ្លាប់ធ្វើពលិកម្ម និងឆ្លងកាត់ការលំបាកនៅក្នុងភ្នក់ភ្លើងសង្គ្រាម។  

៤. ការយកចិត្តទុកដាក់ទៅលើកិត្តិយស និងជីវភាពរបស់អតីតយុទ្ធជន ក៏ដូចជាមន្ត្រីរាជការចូលនិវត្តន៍ទាំងអស់ តែងត្រូវបានធ្វើជាប់ជាប្រចាំចាប់តាំងពីក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ឱ្យស័ក្តិសមនឹងគុណបំណាច់ដែលអ៊ំពូមីងបានបំពេញជូនជាតិមាតុភូមិ តាមរយៈការដាក់ចេញ និងការអនុវត្តនូវគោលនយោបាយនានា រួមមាន៖ ការកែសម្រួលដំឡើងប្រាក់របបគោលនយោបាយជាបន្តបន្តាប់, ការផ្តល់បន្ថែមប្រាក់របបសន្តិសុខសង្គមប្រចាំខែ, ការផ្តល់សម្បទានដីសង្គមកិច្ច និងការសាងសង់ផ្ទះជូនអតីតយុទ្ធជន និងគ្រួសារ, ការជួយឧបត្ថម្ភក្នុងពេលលំបាកខ្វះខាត, ការកំណត់យកថ្ងៃ ២១ មិថុនា ជារៀងរាល់ឆ្នាំជា “ទិវាអតីតយុទ្ធជនកម្ពុជា”, កងទ័ពជើងគោក ក៏បានផ្តល់អាទិភាពជូនកូនចៅរបស់អតីតយុទ្ធជននៅក្នុងដំណើរការជ្រើសរើសពលទាហានបំពេញក្របខ័ណ្ឌនៅតាមស្ថាប័ន-កងអង្គភាពចំណុះ, ការផ្តល់ប្រាក់បេឡាមរណៈសង្គ្រោះ និងប័ណ្ណ ប.ស.ស. និងការបំពាក់មេដាយការពារជាតិ ។ល។

៥. ការយកចិត្តទុកដាក់ដល់អតីតយុទ្ធជន ក៏ដូចជាគ្រូបង្រៀន និងមន្ត្រីរាជការចូលនិវត្តន៍ គឺជាកាតព្វកិច្ច យ៉ាងហោចណាស់ ក៏នៅក្នុងន័យកាតព្វកិច្ចផ្នែកសីលធម៌ដែរ ដោយមិនខុសពីក្នុងគ្រួសារនីមួយៗ ដែលកូនចៅត្រូវយកចិត្តទុកដាក់ទំនុកបម្រុងដល់ឪពុកម្តាយនៅពេលពួកគាត់ចាស់ជរា។ ក្នុងន័យនេះ កិច្ចការនេះ គឺជាកាតព្វកិច្ចរបស់រាជរដ្ឋាភិបាល និងគួរត្រូវបានលើកទឹកចិត្តឱ្យមានការចូលរួមទូលំទូលាយពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ជាពិសេសយុវជនជំនាន់ក្រោយតាមគ្រប់រូបភាពដែលអាចធ្វើទៅបាន ពីព្រោះថា៖ 

– ឪពុកម្តាយបានធ្វើការលះបង់ច្រើនណាស់ក្នុងការកសាងគ្រួសាររឹងមាំដោយខិតខំចិញ្ចឹមបីបាច់ថែរក្សា និងផ្តល់ឱកាសឱ្យកូនៗបានសិក្សារៀនសូត្រ និងកសាងអនាគត។ យ៉ាងណាមិញ អតីតយុទ្ធជន គ្រូបង្រៀន និងមន្ត្រីរាជការចូលនិវត្តន៍ ក៏បានដើរតួនាទីសំខាន់នៅក្នុងដំណើរការកសាងប្រទេសជាតិពីបាតដៃទទេ រហូតមានការអភិវឌ្ឍរឹងមាំដូចបច្ចុប្បន្ន ដោយឈានចេញពីប្រទេសដែលមានសង្គ្រាមហែកហួររហូតដល់ទទួលបានសន្តិភាព និងការបង្រួបបង្រួមជាតិពេញលេញ, ពីប្រទេសមួយដែលខ្វះខាតធនធានមនុស្ស ទៅជាប្រទេសមួយដែលមានសក្តានុពលគ្រប់គ្រាន់ ដែលអាចរួមគ្នាទទួលខុសត្រូវលើជោគវាសនារបស់ប្រទេសជាតិ។

  ឪពុកម្តាយបានត្រួសត្រាយផ្លូវ និងផ្តល់ឱកាសឱ្យកូនចៅមានមូលដ្ឋានអាចដើរទៅមុខបានរឹងមាំ គឺដូចគ្នានឹងអតីតយុទ្ធជន គ្រូបង្រៀន និងមន្ត្រីរាជការចូលនិវត្តន៍ ដែលបានត្រួសត្រាយផ្លូវ និងកសាងមូលដ្ឋានសម្រាប់ផ្តល់ឱកាសឱ្យយោធិន និងមន្ត្រីរាជការជំនាន់ក្រោយអាចបន្តការងារបម្រើជាតិកាន់តែមានប្រសិទ្ធភាព។

  ឪពុកម្តាយទោះបីជាគាត់មានវ័យចំណាស់ ឬបានចូលសម្រាកពីការងារក៏ដោយ ប៉ុន្តែគាត់នៅតែជាធនធានមួយយ៉ាងសំខាន់ សម្រាប់គ្រួសារដែលអាចនៅបន្តផ្តល់ការណែនាំ ផ្តល់យោបល់ តម្រង់ទិស និងផ្តល់ការគាំទ្រគ្រប់ពេលវេលាដល់កូនចៅជំនាន់ក្រោយ។ ក្នុងន័យនេះ អតីតយុទ្ធជន គ្រូបង្រៀន និងមន្ត្រីរាជការចូលនិវត្តន៍ ក៏នៅតែជាធនធានយ៉ាងសំខាន់ ដែលពោរពេញទៅដោយបទពិសោធន៍ការងារ  និងជាប្រភពសំខាន់នៃចំណេះដឹង និងចំណេះធ្វើ ដែលអាចចែករំលែកដល់អ្នកជំនាន់ក្រោយ ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print