ខេត្តបន្ទាយមានជ័យៈពិតជាសំណាងក្មេងប្រុសម្នាក់អាយុទើបតែ៨ឆ្នាំ ត្រូវបាន ទឹកហូរគួចពីសំណង់ទ្វារទឹកធំ ចម្ងាយ៤០០ម៉ែត្រ។ ត្រូវបានកម្លាំងអន្តរាគមន៍ កងពលតូចថ្មើរជើងលេខ៥១ជួយសង្គ្រោះទាន់ពេល នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២។
ប្រភពពីកម្លាំងយោធាបានប្រាប់ថា លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ បានចាត់តាំងកម្លាំងអន្តរាគមន៍ ដែលកំពុងប្រចាំការនៅគោលដៅតំបន់រងគ្រោះ ដឹកនាំដោយលោកវរសេនីយ៍ទោ នៅ សុខា នាយសេនាធិការរង កងពល វេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២៣ កញ្ញា ២០២២ បានចេញប្រតិបត្តិការជួយសង្គ្រោះ ក្មេងប្រុសម្នាក់ អាយុ ៨ឆ្នាំ លង់ទឹក ឈ្មោះ វ័ន ឆានុន ដោយសារ ទឹកហូរ មានសភាពខ្លាំង បានគួចហូរនាំទៅផ្នែកខាងក្រោម សំណង់ទ្វារទឹកធំ ចម្ងាយ៤០០មែត្រ ដែលស្ថិតនៅភូមិគោកចារ ឃុំស្ពានស្រែង ស្រុកភ្នំស្រុក ។
ប្រភពបញ្ជាក់ថា ដោយទទួលបានបញ្ជា ពីលោកមេបញ្ជាការកងពល កងកម្លាំងអន្តរាគមន៍ បានចេញប្រតិបត្តិការភ្លាមៗ ជួយសង្គ្រោះ ក្មេងប្រុសខាងលើបានទាន់ពេលវេលា ។ លោកមេបញ្ជាការខាងលើក៏អំពាវនាវដល់ពលរដ្ឋដែលកំពុងរស់នៅក្នុងតំបន់ជនលិចខាងលើឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះកូនៗតូចព្រោះទឹកនៅមិនទាន់ស្រកនៅឡើយ ទឹកបានហូរពីលើនៃតំបន់អន្លង់វែង
ខេត្តឧត្តមានជ័យនិងមួយភាគទៀតជំនន់ដោយទឹកភ្លៀង។វណ្ណា