រដ្ឋមន្ត្រីការបរទេស​អាមេរិក៖ ​ប្រសិនបើ​អ៊ុយ​ក្រែ​ន​ឈប់​ប្រយុទ្ធ​ អ៊ុយ​ក្រែ​ន​នឹង​ចប់​

ចែករំលែក៖

អន្តរជាតិ​៖ លោក Antony Blinken រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក​ បាន​ថ្លែង​ទៅកាន់​ក្រុម​ប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ​ យ៉ាងដូច្នេះ​​ថា៖ សហរដ្ឋអាមេរិក​ ​នឹង​បន្ត​គាំទ្រ​អ៊ុយ​ក្រែ​ន ខណៈ​ប្រទេស​នេះ​ការពារ​ខ្លួន និង​ពង្រឹង​សមត្ថភាព​ ដើម្បី​សម្រេច​បាន​នូវ​ដំណោះស្រាយ​ផ្នែក​ការទូត​ដោយ​យុត្តិធម៌​នៅ​តុ​ចរចា​។

លោករដ្ឋមន្ត្រីការបរទេស​អាមេរិករូបនេះ​ បានថ្លែង​បញ្ជាក់ថា៖ មនុស្ស​ម្នាក់​ជ្រើសរើស​សង្គ្រាម​នេះ មនុស្ស​ម្នាក់​នោះ​អាច​បញ្ចប់​វា​បាន ព្រោះ​ប្រសិន​បើ​រុស្ស៊ី​ឈប់​ប្រយុទ្ធ សង្គ្រាម​នឹង​បញ្ចប់​។ ប្រសិនបើ​អ៊ុយ​ក្រែ​ន​ឈប់​ប្រយុទ្ធ អ៊ុយ​ក្រែ​ន​នឹង​ចប់​។ លោក Antony Blinken បាន​ប្រឈមមុខ​ជាមួយ​រុស្ស៊ី​នៅ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ ដោយ​ការចោទប្រកាន់​ពី​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម និង​អំពើ​ឃោរឃៅ​ផ្សេងទៀត​។​ រដ្ឋមន្ត្រី​ការបរទេសរូបនេះ​ បាន​និយាយ​លម្អិត​អំពី​អ្នក​នៅ​រស់​រាន​មាន​ជីវិត​ម្នាក់ ​ពី​ការ​ធ្វើ​ទារុណកម្ម​ដោយ​ទាហាន​រុស្ស៊ី​ ដោយ​លោក​និយាយ​ថា​ បុរស​នោះ​ត្រូវ​បាន​គេ​វាយ​រហូតដល់​គាត់​លែង​ដឹង​អ្វី​ទាំងអស់​។

​លោក Antony Blinken បាន​ដាក់​ចេញ​នូវ​អ្វី​ដែល​រដ្ឋបាល​លោក Biden ជឿថា ​ជា​ករណី​ដ៏​គួរតែ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់ ​ដែល​សង្គ្រាម​មិន​ត្រឹមតែ​បណ្តាល​ឱ្យ​មាន​ការបំផ្លាញ​ដ៏​ធំ​ដល់​អ៊ុយ​ក្រែ​ន និង​ប្រជាជន​អ៊ុយ​ក្រែ​ន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បាន​ធ្វើ​ឱ្យ​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​ដល់​វិបត្តិ​សកលលោក​ជាច្រើន​ទៀត រួម​ទាំង​ទុរ្ភិក្ស​ដែល​អាច​កើតមាន និង​កង្វះ​ថាមពល ព្រមទាំង​ការ​រំខាន​ដល់​ការ​ខិតខំ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ជា​អន្តរជាតិ រួមមាន​បញ្ហា​សុខភាព ការ​ប្រយុទ្ធ​ប្រឆាំង​បម្រែបម្រួល​អាកាសធាតុ និង​ការកាត់បន្ថយ​ភាព​ក្រីក្រ។

ដោយឡែកបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៣ ខែកញ្ញា ឆ្នាំ២០២២នេះ​ថា៖​ ​លោក សឺហ្គៃ ឡារ៉ូវ (Sergei Lavrov) រដ្ឋមន្រ្តីការបរទេសរុស្ស៉ី នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានឡើងការពារសកម្មភាពរបស់ទីក្រុងមូស្គូនៅអ៊ុយក្រែន ចំពោះមុខក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ខណៈអង្គការសហប្រជាជាតិបានព្រមានទីក្រុងមូស្គូ ប្រឆាំងនឹងការកាត់បញ្ចូលទឹកដីរបស់អ៊ុយក្រែន ហើយក្រុមរដ្ឋមន្រ្តីលោកខាងលិច បានអំពាវនាវឲ្យមានការទទួលខុសត្រូវលើការប្រព្រឹត្តអំពើឃោរឃៅ។

ក្នុងសុន្ទរកថាខាងលើនេះ លោក ឡារ៉ូវ បានចោទប្រកាន់ទីក្រុងកៀវថា បានគំរាមកំហែងសន្តិសុខរបស់រុស្ស៉ី និង «ជាន់ឈ្លី» សិទ្ធិរបស់ជនជាតិរុស្ស៉ី ក៏ដូចជាអ្នកនិយាយភាសារុស្ស៉ីនៅអ៊ុយក្រែន ដោយបន្ថែមថាការវាយប្រហារនៅអ៊ុយក្រែន គឺជារឿងដែលចៀសមិនរួច។ លោក ឡារ៉ូវ បានបន្ថែមថា ប្រទេសដែលបានផ្គត់ផ្គង់អាវុធនិងបណ្តុះបណ្តាលទាហានអ៊ុយក្រែន គឺជាភាគីនៃជម្លោះ ហើយការបង្កើតដោយចេតនានៃជម្លោះពី សំណាក់ប្រទេសលោកខាលិច នៅតែមិនត្រូវបានផ្តន្ទាទោស។

...

គួរបញ្ជាក់ថា លោក ឡារ៉ូវ គ្រាន់តែស្ថិតនៅក្នុងសភាដើម្បីថ្លែងសុន្ទរកថា ទៅកាន់សមាជិកក្រុមប្រឹក្សាសន្តិសុខ ទាំង១៥ប្រទេស ដែលមានការចូលរួមដោយ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក អាន់តូនី ប្លីនខិន និងលោក វ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន ផងដែរ ប៉ុន្តែលោក ឡារ៉ូវ តែមិនបានចូលរួមស្តាប់សុន្ទរកថារបស់សមាជិកដទៃឡើយ៕

រូប​ថត​ :  Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print