ភ្នំពេញ៖ ទីតាំងហ្គេមបាញ់ត្រី១កន្លែង ក្នុងមូលដ្ឋានសង្កាត់ផ្សារដេប៉ូទី៣ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោកចុះបង្ក្រាបទាំងព្រឹក ជាលិទ្ធផលឃាត់ខ្លួនសន្តិសុខយាមទ្វារម្នាក់ និងដកហូតទូហ្គេមបាញ់ត្រី១គ្រឿង ។
ករណីចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង៩ និង៣០នាទីព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចផ្ទះលេខ៥៤ ផ្លូវ១១២ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ក្នុងប្រតិបត្តិការនេះបានដឹកនាំដោយលោក សាំង សុភះវិចិត្រ អភិបាលរងខណ្ឌទួលគោក រួមសហការជាមួយលោក សុឹម ពិសិដ្ឋ អធិការរងទទួលផ្នែកយុតិ្តធម៍នៃអធិការដ្ឋាននរគបាលខណ្ឌទួលគោក និងនគរបាលមូលដ្ឋានប៉ុស្តិ៍ផ្សារដេប៉ូទី៣ ក្រោមចំណាត់ការក្តៅរបស់លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក ។
ក្រោយចុះប្រតិបត្តិការសមត្ថកិច្ចរកឃើញ ទូហ្គេមបាញ់ត្រី១គ្រឿង និងឃាត់ខ្លួនបុរសម្នាក់ជាសន្តិសុខយាមទ្វារម្នាក់ឈ្មោះអឹុម សុជាតិ អាយុ២៩ ស្នាក់នៅម្តុំផ្សារកណ្ដាល ខណ្ឌដូនពេញ ។
បច្ចុប្បន្នទីតាំងខាងលើត្រូវបានបិទទ្វារបណ្តោះអាសន្ន ចំណែកឯបុរសជាសន្តិសុខនោះត្រូវបានឃាត់ខ្លួនយកមកសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក និងកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕
ដោយ៖ ស ដារ៉ា