ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានផ្សាយថា កម្លាំងទាហានប្រទេសនេះបានបំផ្លាញអាកាសយានដ្ឋាន Krivoy Rog ក្នុងទីក្រុង Kryvyi Rih ប្រទេសអ៊ុយក្រែនដោយប្រើប្រាស់ កាំជ្រួចមីស៊ីល Kh-59 ជាមីស៊ីលអន្តរទ្វីបដែលមានកម្រិតគោលដៅខ្ពស់។
ក្នុងពេលនេះដែរសង្គ្រាមវាយប្រហារគ្នារវាងរុស្ស៊ីនឹងអ៊ុយក្រែនកាន់តែកើនឡើងខ្ពស់ ខណៈដែលការបោះឆ្នោតប្រជាមតិនៅក្នុងតំបន់ស្វ័យភាពឈានដល់ថ្ងៃទីបញ្ចប់។
សារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៧ ខែកញ្ញា ឆ្នាំ២០២២បានផ្សាយថា កងកម្លាំងអ៊ុយក្រែននិងរុស្ស៉ីបានបង្កើនការវាយប្រយុទ្ធគ្នានៅក្នុងតំបន់ផ្សេងៗគ្នានៃទឹកដីអ៊ុយក្រែន នាថ្ងៃទី២៧ខែកញ្ញា ខណៈដែលការបោះឆ្នោតប្រជាមតិដែលរៀបចំដោយរុស្ស៊ីដើម្បីបញ្ចូលតំបន់ចំនួន ៤ជាឧបសម្ព័ន្ធរបស់ខ្លួនបានចូលមកដល់ថ្ងៃចុងក្រោយហើយ។
ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បាននិយាយថា តំបន់ដូណេតស្ក៍ Donetsk ភាគខាងកើតនៅតែជាទឹកដីនៃប្រទេសរបស់លោក និងនៅតែជា ជាអាទិភាពជាយុទ្ធសាស្ត្ររបស់រុស្ស៊ី ស្របពេលការប្រយុទ្ធគ្នាបានឡើងកម្ដៅនៅតាមទីក្រុងជាច្រើន ខណៈដែលកងទ័ពរុស្ស៊ីកំពុងព្យាយាមរុលឆ្ពោះទៅភាគខាងត្បូង និងភាគខាងលិច។ ជាមួយគ្នានេះ ក៏មានការប៉ះទង្គិចគ្នាផងដែរនៅតំបន់ Kharkiv ភាគឦសាន ដែលជាគោលដៅសំខាន់នៃការវាយលុករបស់អ៊ុយក្រែនក្នុងខែនេះ ហើយកងកម្លាំងអ៊ុយក្រែនបានបន្តផ្តាច់ស្ពានចំនួន៤ និងផ្លូវឆ្លងកាត់ទន្លេផ្សេងទៀតដើម្បីរំខានដល់ខ្សែផ្គត់ផ្គង់ដល់កងកម្លាំងរុស្ស៊ីនៅភាគខាងត្បូង។
ទីក្រុងមូស្គូកំពុងដំណើរការរៀបចំដើម្បីដាក់បញ្ចូលតំបន់ Kherson និង Luhansk, ដូណេតស្ក៍ Donetsk និងហ្សាប៉ូរីសហ្ស៉ីយ៉ា Zaporizhzhia ដែលស្ថិតនៅឯភាគខាងកើត និងខាងត្បូង គឺប្រហែល១៥ភាគរយនៃទឹកដីរបស់អ៊ុយក្រែន ទៅក្នុងឧបសម្ព័ន្ធរបស់ខ្លួន។ ការបោះឆ្នោតប្រជាមតិរបស់រុស្ស៊ី បានចាប់ផ្តើមកាលពីថ្ងៃសុក្រ ហើយនឹងត្រូវបញ្ចប់នៅថ្ងៃអង្គារនេះ ដោយសភារុស្ស៊ីអាចនឹងអនុម័តការបញ្ចូលឧបសម្ព័ន្ធនេះ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ។
រហូតមកដល់ពេលនេះ គ្មានតំបន់ណាមួយនៅក្នុងចំណោមតំបន់ទាំង៤ខាងលើរបស់អ៊ុយក្រែនស្ថិតក្រោមការគ្រប់គ្រងរបស់ទីក្រុងមូស្គូទាំងស្រុងនោះទេ ហើយការប្រយុទ្ធគ្នាកំពុងបន្តកើតឡើងនៅតាមតំបន់សមរភូមិជួរមុខ រីឯកងកម្លាំងអ៊ុយក្រែនត្រូវបានគេបានរាយការណ៍ថាកំពុងជឿនលឿនទៅមុខបន្ថែមទៀត ចាប់តាំងពីពួកគេបានរុញច្រានកងទ័ពរុស្ស៊ីចេញពីតំបន់ខាកូវ (Kharkov) កាលពីដើមខែកញ្ញានេះ៕ ដោយធីរីណា
រូបថត : tienphong.vn