ខេត្តកំពង់ស្ពឺ៖ នេះបេីយោងតាមប្រភពព័ត៍មានពីក្រសួងបរិស្ថាន នៅព្រឹកថ្ងៃពុធទី២៨ ខែកញ្ញា ឆ្នាំ២០២២នេះ បានឱ្យដឹងថា ល្អាងភ្នំចាស់ គឺជាទីតាំងភ្នំធម្មជាតិប្រវត្តិសាស្ត្រ។
ក្រសួងបរិស្ថាន បានឱ្យដឹងទៀតថា ល្អាងភ្នំចាស់ មានទីតាំងស្ថិតនៅភូមិមនោរម្យ ឃុំហោងសំណំ ក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដោយមានចម្ងាយពីទីរួមខេត្ត ប្រមាណជា ៤០គីឡូម៉ែត្រ។
ទីតាំងប្រវត្ត្តិសាស្ត្រដែលមានអាយុកាលរាប់ពាន់ឆ្នាំមកហើយនិងជាទីតាំងប្រវត្តិសាស្ត្រដែលមានមនុស្សសម័យបុរេប្រវត្តិធ្លាប់រស់នៅ និងចែកចេញជាបីផ្នែកគឺខ្នងភ្នំព្រះព្រហ្ម ខ្នងភ្នំព្រះពុទ្ធ និងខ្នងភ្នំកិន្នរ ហើយក៏មានល្អាងជាច្រើនផងដែរ។
សូមជម្រាបដែរថា កាលពីថ្ងៃទី២៧ ខែកញ្ញាម្សិលមិញនេះ ក្រសួងបរិស្ថាន ក៏បានបង្ហាញពីសហគមន៍រាំងក្វាវ ស្ថិតក្នុងឧទ្យានជាតិជួរភ្នំក្រវាញ ខេត្តពោធិ៍សាត់។
ក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា៖ រាំងក្វាង ជាតំបន់ដែលពោពេញទៅដោយទេសភាពយ៉ាងស្រស់ស្អាត ព្រៃឈេីក្រាស់ស្តុក មានទឹកធ្លាក់ថ្លាឈ្វេងហូរកាត់ផ្ទាំងថ្ម កាត់តាមដងអូរ ឬសឈើ និងមានម្លប់ឈេីត្រឈឹងត្រឈៃ។ តំបន់នេះជាទីតាំងដ៏ពិសេសសម្រាប់អ្នកទេសចរណ៍បែបផ្សងព្រេងសម្បូរទៅដោយសក្ដានុពលសំខាន់ៗជាច្រើនដូចជា កំពូលភ្នំក្វាវ ឬភ្នំលោកតាក្រហមក, ស្ទឹងសេនាធិការ, ទឹកធ្លាក់ឆាយសន្ទរ,ទឹកធ្លាក់ តោតវៀង។ល៕ ដោយ៖សហការី