ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៍មានពីក្រសួងបរិស្ថាន នៅព្រឹកថ្ងៃព្រហស្បតិ៍ទី២៩ ខែកញ្ញា ឆ្នាំ២០២២នេះ បានឱ្យដឹងថា៖ យោងតាមការដកស្រង់ចេញពីសៀវភៅមគ្គទេសក៍គ្រឿងទេសកម្ពុជា ក្រូចឆ្មារដើមមានកម្ពស់៥ម មែកមានបន្លាប្រវែង២-៣ស.ម។ ស្លឹកទោលរាងស៊ុត ឬទ្រវែង ៥-៨ គុណនិង២-៤ស.ម៉ែត្រ មូលគល់រីកធំកណ្តាលស្រួចចុង ស្លឹកក្រាស់មានក្រពេញតូចៗជាច្រើន គែមស្លឹកមានកំពកៗដូចជាទឹករលក។ ផ្កាពណ៌ស ជួនលាយក្រហមក្រម៉ៅឬស្វាយ ៤-៧ផ្កាតែងផ្តុំជាកញ្ចុំ (fascicles) ជួនកាលមានផ្កាទោលខ្លះ។ ត្របកផ្កាជាប់គ្នាមានរាងជាកូនកែវហើយលើកែមមានធ្មេញ៤-៥។ ស្រទាប់ផ្កា៤-៥ពណ៌ស ខាងក្នុងពណ៌ស្វាយខ្ចីខាងក្រៅ។ កេសរឈ្មោលច្រើន ១៥-២៥។
ក្រសួងបរិស្ថាន បានឱ្យដឹងទៀតថា ផ្លែរាងដុំមូល (globose) មានអង្កត់ផ្ចឹត៤-៥សងទីម៉ែត្រ មាន៩-១០ក្លែប សម្បកផ្លែ (pericarp) មានក្រពេញប្រេងច្រើន។ ផ្លែពណ៌បៃតងចាស់ពេលនៅខ្ចី ពណ៌លឿងនៅពេលទុំ។ ក្លែបនីមួយៗមាន ០-៣គ្រាប់។ គ្រាប់រាងមូលស្តួចចុង (ovoid) សំប៉ែតម្ខាង។ ដើមមានផ្កានៅរដូវចាប់ធ្លាក់ភ្លៀង មានផ្លែនៅរដូវអន់ភ្លៀងរហូតដល់ដាចរដូវក្តៅ។
ដោយឡែកស្លឹកនឹងសម្បកផ្លែ មានក្រពេញប្រេងក្រអូបឈ្ងុយ។ សាច់ក្នុងក្លែប (sarcocarp) មានជាតិជូរខ្លំង។ គេដាំនៅស្ទើរគ្រប់កន្លែងនៅប្រទេសកម្ពុជា តាមតំបន់ដីមិនលិចទឹក មានអាកាសធាតុសើមហើយក្តៅល្មម។
ចំណែកការប្រើប្រាស់បាន ២បែប ជាគ្រឿងទេស និងឱសថ៖
_គ្រឿងទេស ជាម្ជូរក្នុងម្ហូបអាហារ ដូចជាស្ងោរជ្រក់ ទឹកត្រីបុក ជ្រក់ភ្លា ក្រូចងាំង៉ូវ។ល។
_ ឱសថ បញ្ចុះកម្តៅ បន្ទន់លាមក ជំនួយកម្លាំង ស្រពន់ដៃជើង ស្ពឹក ឈឺសន្លាក់ឆ្អឹង ឈឺបំពង់ក ក្អក និងរាក់សុីធ្មេញ៕ដោយ៖ស តារា